ខេត្តកំពតប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ ៨កញ្ញា លើកទី១៨ ឆ្នាំ២០១៨

AKP កំពត ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ខេត្តកំពតបានប្រារព្ធពិធីអបអរសាទរទិវាអក្ខរកម្មជាតិ៨កញ្ញា លើកទី១៨ ក្រោម ប្រធានបទ “អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត”។ ពិធីនេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា និងមានការចូលរួមផងដែរពីសំណាក់​ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាល ខេត្តកំពត ព្រមទាំងមន្ត្រីជំនាញ ពាក់ព័ន្ធផងដែរ។

ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ថា អក្ខរកម្មមិនគ្រាន់តែធ្វើឱ្យ អ្នកសិក្សា ចេះអាន ចេះសរសេរ ចេះនិយាយបានត្រឹមត្រូវនោះទេ ថែមទាំងចេះប្រើ ប្រាស់ជំនាញ អាជីពប្រចាំថ្ងៃដើម្បីបង្កើនប្រាក់ចំណូល ចិញ្ចឹមជីវិតខ្លួនឯងផង និងក្រុម គ្រួសារផង ព្រមទាំងធ្វើឱ្យសហគមន៍មានការរីកចម្រើនផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា អក្ខរកម្មគឺជាគ្រឹះនៃចំណេះដឹង អក្ខរកម្ម ជាគ្រឹះនៃការអប់រំ អក្ខរកម្ម ជាមូលដ្ឋាន នៃការសិក្សាពេញមួយជីវិត អក្ខរកម្មជាគន្លឹះ នៃការអភិវឌ្ឍ និងអក្ខរកម្មរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយទិវានេះ ជាការរម្លឹកយើងថា យើងនៅមានភារកិច្ចចម្បងចាំបាច់ច្រើនទៀត ក្នុងការជំរុញឱ្យមាន កំណើន អត្រាអក្ខរកម្ម ដើម្បីទទួលបាននូវការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់ខ្លួន ក្នុងឆ្នាំ២០៣០ ដែលគោលដៅផ្តោតលើការអប់រំគុណភាព សមធម៌ និងការសិក្សា ពេញមួយជីវិត សម្រាប់ទាំងអស់គ្នា “អក្ខរកម្មរួមចំណែកកាត់បន្ថយចំណាកស្រុកដោយ ប្រថុយប្រថាន”។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីផ្តល់ឱ្យយុវជនយើងទទួលនូវជំនាញ ដែលអាចប្រើប្រាស់បាន នៅក្នុងទីផ្សារពលកម្ម យុវជនមិនត្រឹមតែចេះ មាននូវចំណេះដឹង និងចំណេះធ្វើទេ ប៉ុន្តែត្រូវមានអក្ខរកម្មបច្ចេកវិទ្យាមួយទៀត នៅក្នុងសង្គមសម័យឌីជីថល នាពេលបច្ចុប្បន្ន។ ឯកឧត្តមសភាចារ្យក៏បានបញ្ជាក់ទៀតថា ចប្ចុប្បន្ន បញ្ហាអនក្ខរភាពស្ថិតនៅជាកង្វល់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ពោលគឺយើងនៅមានអនក្ខរជនជាងមួយលាននាក់ទៀត ហេតុនេះហើយបានជា នៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំរបស់ក្រសួង តែងតែចាត់ទុកការងារ អក្ខរកម្មជាសមាសភាគមួយមិនអាចខ្វះបានក្នុងវិស័យអប់រំ និងជាសកម្មភាពអាទិភាព ដ៏ចម្បងសម្រាប់ការអប់រំក្រៅប្រព័ន្ធ។

ជាការជាក់ស្ដែងនៅក្នុងសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០១៨ ក៏បានលើកឡើងដែរថា ជាមួយនឹងចក្ខុវិស័យ អភិវឌ្ឍន៍ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាន ឱកាសសិក្សាពេញមួយជីវិត ក្នុងគ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយ វិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គល និងសង្គម។ ទស្សនាទាន នៃប្រធានបទនេះ មិនសំដៅត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលេខនព្វន្តប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសក្នុងការទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍គ្រប់ផ្នែក គ្រប់វិស័យ ជាពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕

ដោយ ប្រាក់ លាង