ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបន្តឈ្នះក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងព្រឹត្តិការណ៍ កីឡាមហាជនរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ក្រុមបាល់បោះសាកលវិទ្យាល័យ អាស៊ីអឺរុប (AEU) បានបន្ត យកឈ្នះនៅប្រកួតទី២របស់ខ្លួន ជាមួយក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ នៅក្នុងលទ្ធផលបច្ចេកទេស៤៦-៣៧ កាលពី ចុងសប្តាហ៍នេះ នៅទីលានវិទ្យាល័យបឹងកេងកង នៃព្រឹត្តិការណ៍កីឡាមហាជនរាជធានីភ្នំពេញឆ្នាំ២០១៨។

ក្រុមសាកលវិទ្យាល័យអាស៊ីអឺរ៉ុបសម្រេចនៅក្នុងលទ្ធផលដ៏ល្អបំផុតលើគូប្រកួតរបស់ខ្លួន លើក្រុមវិទ្យា ល័យព្រះស៊ីសុវត្ថិ ដោយនៅក្នុងការប្រកួតទាំង៤វគ្គ ក្នុងនោះ នៅវគ្គទី១អាស៊ីអឺរ៉ុបយកឈ្នះ ក្រុម ព្រះស៊ីសុវត្ថិ ក្នុងពិន្ទុ១៣ទល់០៨, វគ្គទី២ ឈ្នះ៣២-២៣, វគ្គទី៣ ឈ្នះ៣៥-២៧ និងវគ្គទី៤ អាស៊ីអឺរ៉ុបយកឈ្នះ ក្នុងពិន្ទុសរុប ៤៦-៣៧។ ចំពោះ១ប្រកួតផ្សេងទៀត គឺវិទ្យាស្ថាន CamEd យកឈ្នះ ក្រុមសាលាអន្តរទ្វីបអាម៉េរិកាំង នៅក្នុង ពិន្ទុ ៥២-៣៤។

លោក ពៅ ហុក ប្រតិភូកីឡាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានសម្តែងនូវភាពរីករាយជាខ្លាំង ដែលកីឡា កររបស់ខ្លួនទាំងអស់បានខិតខំអស់ពីលទ្ធភាពរហូតដល់ទទួលបានលទ្ធផលល្អ ក្រោមការ លើកទឹកចិត្ត និងថវិកាពីឯកឧត្តម ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលសាកល វិទ្យាល័យអាស៊ីអឺរ៉ុប។ លោកបន្ថែមថា ជ័យជម្នះ២ប្រកួតជាប់ៗគ្នានេះនឹងជាកម្លាំងចិត្តឈានទៅរកជ័យជម្នះនៅប្រកួតទី៣ ក៏ដូចជាឈានទៅឈ្នះពាន រង្វាន់បាល់បោះនៃការប្រកួតកីឡាមហាជនរាជធានីភ្នំពេញ ប្រចាំឆ្នាំ ២០១៨នេះ។ លោកកត់សម្គាល់ឃើញថា កម្រិតសមត្ថភាព និងបច្ចេកទេសរបស់អត្តពលិកអាស៊ីអឺរុប មានការកើនឡើងខ្ពស់ជាងបណ្តាឆ្នាំកន្លងទៅ មុនពេលដែលឈានទៅចូលរួមប្រកួតកីឡាសិស្ស និស្សិតឧត្តមសិក្សា ឆ្នាំ២០១៨ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា ១ប្រកួតចុងក្រោយលើប្រភេទកីឡាបាល់បោះរបស់ក្រុមបាល់បោះអាស៊ីអឺរុប នឹងត្រូវ ជួបជាមួយ ក្រុមបាល់បោះសាលាអន្តរទ្វីបអាម៉េរិកាំង ស្របពេលដែលក្រុមវិទ្យាល័យ ព្រះសុវត្ថិ នឹងត្រូវប៉ះក្រុមបាល់បោះ CamEd សម្រាប់ការប្រកួតសន្សំពិន្ទុវិលជុំចុងក្រោយ និងសម្រេច សេចក្តីថា តើក្រុមណាជាក្រុមឈ្នះពានរង្វាន់ លើប្រភេទកីឡាបាល់បោះនៃព្រឹត្តិការណ៍កីឡាមហា ជនរាជធានី ភ្នំពេញ ប្រចាំឆ្នាំ២០១៨នេះ៕

ដោយ ហេង ណាលីន