យុវជនបាល់ទាត់ជាង៣០០នាក់ចូលរួមប្រជែងសមត្ថភាពក្នុងក្លិបវិសាខា ដែលចម្រាញ់រកត្រឹម២៥នាក់ចុងក្រោយ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ក្លិបវិសាខាកំពុងជ្រើសរើសរកជើងខ្លាំងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា នារដូវកាល ២០១៨ ដែលបានបើកឱកាសដល់យុវជនអាយុក្រោម១៧ឆ្នាំបានចូលរួមប្រកួតប្រជែងសាក ល្បងសមត្ថភាពដើម្បីជ្រើសរើសកីឡាករថ្នាលប្រចាំក្លិបរបស់ខ្លួន ដោយទាក់ទាញបានយុវជន ច្រើនជាង៣០០នាក់ សម្រាប់វគ្គជម្រុះបឋម កាលពីពេលពេលថ្មីៗនេះ។

គ្រូបង្វឹកក្លិបបាល់ទាត់វិសាខា លោក ហុក សុចិត្រា បានបញ្ជាក់ថា ក្រោយពីបានបើកទូលាយ ឱ្យយុវជន ចូលរួមសាកល្បងសមត្ថភាពរយៈពេល២ថ្ងៃកន្លងមកនេះ ឃើញថា មានយុវជន បាល់ទាត់យ៉ាងច្រើនលើសពីក្តីរំពឹងរបស់ក្លិប ដោយទាក់ទាញបានជាង៣០០នាក់ ប៉ុន្តែក្លិប បានរៀបចំកម្មវិធីសាកល្បងសមត្ថភាពជាច្រើន ដំណាក់កាលរហូតដល់២៥នាក់ចុងក្រោយ។ ក្នុងចំណោមវគ្គជម្រុះបឋមក្លិបជ្រើសរើសដ៏ច្រើននោះ គឺនៅដំណាក់កាលទី១យកត្រឹម៥០ នាក់ ហើយបន្តជម្រុះយកត្រឹម៣៦នាក់ រួចហើយនឹងត្រូវសាកល្បងសមត្ថភាព បន្តរយៈពេល ១សប្ដាហ៍ទៀត ដើម្បីឈានទៅបញ្ចប់ត្រឹម២៥នាក់ចុងក្រោយ និងក្លាយជាយុវជនថ្នាលអាយុ ក្រោម១៧ឆ្នាំប្រចាំក្លឹបរបស់ខ្លួន។

ថ្នាលយុវជនទាំងនេះ នឹងត្រូវទៅចូលរួមលេងសាកល្បង ជាមួយក្រុមវិសាខា ឈុតធំ ដើម្បីពិនិត្យមើលកម្រិតសមត្ថភាពរបស់ពួកគេ និងជ្រើសរើសចុង ក្រោយតែម្តង។ បន្ទាប់ពីបានឆ្លង កាត់ការសាកល្បងយ៉ាងយកចិត្តទុកដាក់របស់ក្រុមអ្នក បច្ចេកទេសបាល់ទាត់ គឺយុវជន២៥នាក់នឹងទទួលបាន ការឧបត្ថម្ភជាថវិកា អាហារ កន្លែង ស្នាក់នៅ ក៏ដូចជាការរៀបចំការសិក្សាផងដែរជាមួយនឹងការចាប់ផ្តើមហ្វឹក ហាត់នោះ។

គ្រូបង្វឹករូបនេះបានអះអាងថា ឈុតU17របស់ក្រុមវិសាខានេះនឹងត្រូវរៀបចំការហ្វឹកហាត់ និងដាក់ឱ្យចូលរួម ប្រកួតក្នុងលីគទី២ នារដូវកាលក្រោយនេះហើយ៕

ដោយ ហេង ណាលីន