ក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ីលើកសរសើរគុណភាពកម្លាំង និងបច្ចេកទេសពីគ្នា មុនប្រកួតមិត្តភាព នាល្ងាចថ្ងៃចន្ទនេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ី បានលើកសរសើរពីគ្នាទៅវិញទៅមក ប៉ុន្តែ គ្រូបង្វឹកនៃប្រទេសទាំងពីរសុទ្ធតែប្តេជ្ញាចិត្តថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកនូវ លទ្ធផលដ៏គាប់ប្រសើរមួយយកជូនជាតិរៀងៗខ្លួន សម្រាប់ជំនួបមិត្តភាពកម្តៅសាច់ដុំ នាវេ លាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ ភ្នំពេញ លោក Keisuke Honda គ្រូបង្គោល និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាបានគូសបញ្ជាក់ថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា និងទទួលយកគ្រប់បែបយ៉ាង ក្នុងពេលដែលលោកកំពុងធ្វើការក្នុងតួនាទីថ្មីនេះ ដោយស្នើឱ្យអ្នកគាំទ្រនានាមានការអត់ធ្មត់ និង កុំ ផ្ដោតតែទៅលើលទ្ធ ផលចាញ់ ឬឈ្នះពេក។ លោកបាន​ចាត់​ទុក​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី នៅល្ងាចថ្ងៃ​ចន្ទ​នេះ នឹងមានភាព​តឹងតែងខ្លាំង ប៉ុន្តែក្រុម​កម្ពុជា​​លេង​ដោយមិន​ភ័យ​ខ្លាច និង​ប្រកប​ដោយ​ភាព​ជឿ​ជាក់ ក្នុងឋានៈជាក្រុមម្ចាស់ផ្ទះ។ លោកបន្ថែម​ថា “យើង​មាន​អារម្មណ៍​​រីករាយ ដែល​បាន​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី ហើយលោក​គោរព​ទៅ​ដល់​ទម្រង់​លេង​របស់​ម៉ាឡេស៊ី ព្រោះ​ការ​ប្រកួត​កីឡា​អាស៊ី កន្លង​មក​នេះ ក្រុមម៉ាឡេស៊ីធ្វើ​បាន​យ៉ាង​ល្អ ដូច្នេះ​ការ​ប្រកួត​នេះពិត​ជា​មាន​ភាព​តាន​តឹង ប៉ុន្តែ​លោក​សង្ឃឹម​ថា ក្រុម​កម្ពុជា​នឹង​ធ្វើ​បាន​ល្អដែរ”។

ចំពោះ លោក Tan Cheng Hoe គ្រូបង្វឹកជាតិម៉ាឡេស៊ី បាននិយាយដែរថា ក្រុម​ម៉ាឡេស៊ី និងក្រុម កម្ពុជាធ្លាប់​បាន​ជួប​គ្នា​ជា​ច្រើនលើក ប៉ុន្តែគ្រប់ការ​ប្រកួតកន្លងមកសុទ្ធតែ​មានការលំបាក ក្នុងការយក​ឈ្នះ​លើក្រុម​កម្ពុជា។ សម្រាប់ជំនួបមិត្តភាព​លើក​នេះ លោក​ដឹង​ថា ក្រុមកម្ពុជាមាន​កីឡាករ ដែល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​លេង ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ហើយ​ពួកគេ​នឹង​​ប្រឹងប្រែង​លេង​ ដើម្បី​បញ្ចេញ​សមត្ថភាព និងបង្ហាញ​ដល់​គ្រូ​បង្គោល​ថ្មី​របស់​កម្ពុជាផងដែរ។ គ្រូបង្វឹករូបនេះបន្ថែមថា ​ការរៀបចំ​របស់​​កម្ពុជានឹងមានវិធីសាស្ត្រថ្មី ល្អប្រសើរជាងលើកមុនៗ ដោយសារការប្រកួតលើកនេះមាន​គ្រូបង្វឹក​ថ្មី​មក​ដឹកនាំ។ ទោះយ៉ាងនេះក្តី លោក Tan Cheng Hoe សង្ឃឹមថា កូនក្រុមរបស់លោកនឹង​មានស្មារតី ល្អប្រសើរ​ឡើង​វិញ ដើម្បីត្រៀមស្វែងរកលទ្ធផលល្អមួយជាមួយក្រុមកម្ពុជា បន្ទាប់​ពីក្រុមម៉ាឡេស៊ី មិត្តភាព​បាន​ចាញ់​ក្រុម​ចិន​តៃប៉ិ ០-២ កន្លងទៅ​ថ្មីៗ​នេះ។

សូមរម្លឹកថា ការប្រកួតមិត្តភាពសាកល្បងបច្ចេកទេសនេះ គឺកម្ពុជា និងម៉ាឡេស៊ីត្រូវត្រៀមខ្លួន នៅក្នុង ព្រឹត្តិការណ៍ AFF SUZUKI CUP ២០១៨ នាខែវិច្ឆិកាខាងមុខ ដោយក្រុមទាំងពីរនេះត្រូវលេង នៅក្នុង ពូលAជាមួយគ្នាជាមួយនឹង៣ក្រុមផ្សេងទៀត គឺវៀតណាម, មីយ៉ាន់ម៉ា និងឡាវ ស្របពេលដែលពូលB មាន ក្រុមថៃ, ឥណ្ឌូណេស៊ី, ហ្វីលីពីន, សិង្ហបុរី និងព្រុយណេ ឬទីម័រខាងកើត៕

ដោយ ហេង ណាលីន