សមាគមទំនាក់ទំនងជនជាតិចិនក្រុងទាជីវ និងសមាគមចិនទាជីវមិត្តភាពពាណិជ្ជ​ករចិនទាជីវនៅកម្ពុជា ចុះកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ចិន ទាជីវនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — សមាគមទំនាក់ទំនងជនជាតិចិនក្រុងទាជីវ ប្រទេសចិន និងសមាគមចិនទាជីវ មិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើត មជ្ឈមណ្ឌល ទំនាក់ទំនងវប្បធម៌ចិនទាជីវនៅកម្ពុជា កាលពីរាត្រីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារហួងសាន អ៊ីនធឺណេសិនណល ហ៊ួយ ប៉ាងគ្រុប រាជធានីភ្នំពេញ​ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ និងដឹកជញ្ជូន និងគណៈកម្មាធិការអចិន្ត្រៃយ៍ទីក្រុងទាជីវ ប្រទេសចិន ប្រធានសមាគម ទំនាក់ទំនងពាណិជ្ជ ករ ជនជាតិចិន ក្រុងទាជីវប្រទេសចិន លោក ឧកញ៉ា ប្រធានសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា និងវត្តមានភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបទៀត។

លោក ចុង អ៊ីធីង ប្រធានសមាគមចិនទាជីវមិត្តភាពពាណិជ្ជករចិនទាជីវនៅកម្ពុជា ថ្លែងថា ក្នុងនាមប្រធានសមាគមពាណិជ្ជករចិនប្រចាំនៅកម្ពុជា សូមស្វាគមន៍ និងបានចាត់ ទុកថាកម្មវិធីថ្ងៃនេះ ជាកម្មវិធីដ៏ល្អប្រពៃមួយ ដើម្បីបន្តសហការពង្រឹងការងារ មិត្តភាពរបស់យើង សម្រាប់វប្បធម៌ចិនទាជីវ ដែលមានជាយូរលង់ណាស់មកហើយ ជាពិសេសផ្នែកដូរ តន្ត្រីចិនទាជីវ ជាវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែប ដែលយើងហៅ ថាត្បូងដ៏មានតម្លៃ នៃវប្បធម៌ចិនទាជីវ ហើយទីណាមានទឹកសមុទ្រ ទីនោះគឺមានជនជាតិចិនទាជីវ។ ដូច្នេះយើងត្រូវបន្តសហការសាមគ្គីគ្នា ពង្រឹងស្មារតីវប្បធម៌ចិនទាជីវនេះឱ្យកាន់តែរីកចម្រើន គង់វង្សតទៅមុខថែមទៀត។

លោក ជាំង ស៊ីចុង ប្រធានប្រតិបត្តិសមាគមចិនទាជីវមិត្តភាពពាណិជ្ជករចិន ទាជីវនៅ កម្ពុជា បានបញ្ជាក់ដែរថា វប្បធម៌ចិនទាជីវ ជាវប្បធម៌ចំណាស់មួយ ក្នុងចំណោម វប្បធម៌ជន ជាតិចិន ដែលមានប្រវត្តិដ៏យូរលង់ និងមានភាពសម្បូរបែបស៊ីជម្រៅ។ ការបង្កើតឱ្យបានមុន គេនូវមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ជនជាតិចិនទាជីវនៅកម្ពុជានេះឡើង ដើម្បីថែរក្សានូវ វប្បធម៌ដ៏ល្អត្រចះត្រចង់ដែលមានប្រវត្តិដ៏យូរលង់នេះឱ្យមានរាប់ពាន់ឆ្នាំតទៅទៀត។ ជា ពិសេសបន្តពង្រឹងពង្រីកអភិវឌ្ឍន៍វប្បធម៌ចិនទាជីវ ដោយអនុលោមតាមយុទ្ធសាស្ត្រ ខ្សែមួយ-ផ្លូវមួយឱ្យបានទូលំទូលាយ នាំមកនូវពាណិជ្ជកម្មក្នុងភាពសាមគ្គីថែមទៀត ប្រកបដោយ ការរីកចម្រើន។

លោកសូមថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាង ពេញទំហឹងជាមួយនឹងការងាររបស់ពួកយើង ហើយលោកថានឹងខិតខំប្រឹងប្រែងមិនឱ្យអស់​លោកអស់សង្ឃឹមនោះឡើយ ដើម្បីធ្វើការផ្សព្វផ្សាយពង្រីកវប្បធម៌ចិនទាជីវនេះឱ្យបានល្អ ប្រសើរក្នុងទំព័រប្រវត្តិសាស្ត្រថ្មីទៅមុខទៀត៕

ដោយ ប៉ាល់ សុង