ផលិតផលសាប៊ូខ្មែរ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា ហើយគ្រោងនឹងបង្កើតរោងចក្រដោយខ្លួនឯងនៅក្នុងស្រុក

AKP ភ្នំពេញ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨ — ផលិតផលសាប៊ូខ្មែរ ទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា រហូតនឹងឈានទៅបង្កើត​ជារោងចក្រផលិត និងវេចខ្ចប់ដោយផ្ទាល់ខ្លួននៅក្នុងស្រុក នាពេលឆាប់ៗនេះ ដើម្បីបំពេញ តម្រូវការទីផ្សារកម្ពុជាបានយ៉ាងឆាប់រហ័ស។

លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន THEARA LEANG បានឱ្យដឹងថា ផលិតផលសាប៊ូខ្មែរ ម៉ាកT&L Natural Product កំពុងទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋកម្ពុជា ដោយសារ តែផលិតផលសាប៊ូនេះ ផលិតឡើងដោយបានសិក្សាច្បាស់ពីបរិយាកាស និងស្ថានភាពស្បែក ក្បាល និងសរសៃសក់ របស់ប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្រោយមានវត្តមាននៅលើ ទីផ្សារកម្ពុជា ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ សាប៊ូ យីហោខ្មែរ T&L នេះ អាចទាញបាននូវចំណែក​ទីផ្សារ យ៉ាងច្រើនពីអតិថិជន ដោយការលក់បានកើនឡើងទ្វេដង ដែលនឹងធ្វើឱ្យក្រុមហ៊ុន ឈានទៅដំឡើងរោងចក្រ ផលិត និងវេចខ្ចប់ ដោយផ្ទាល់ខ្លួនឱ្យបានឆាប់បំផុត ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការនេះ។ លោកបន្ថែមថា T&L Natural Product គឺជាផលិតផលសាប៊ូខ្មែរ ដែលបានចុះបញ្ជី និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីផលិត និងចែកចាយលក់នៅក្នុងទីផ្សារកម្ពុជា និងតាមបណ្ដាលប្រទេសជិតខាងមួយចំនួនផ្សេង ទៀតផងដែរ ដោយជំហ៊ានដំបូង សាប៊ូនេះ ត្រូវបានធ្វើការផលិតនៅប្រទេសជប៉ុន និងវេចខ្ចប់ នៅចិន ហើយនាំចូលមកលក់នៅកម្ពុជា។

អ្នកនាង លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន Theara Leang Co, Ltd បានបញ្ជាក់ឱ្យដឹងដែរថា ដើម្បីបំពេញនូវតម្រូវការបន្ថែម ក្រុមហ៊ុន បានបញ្ចេញនូវផលិតផលថ្មីបន្ថែមទៀតនៅលើ ទីផ្សារ នោះគឺផលិតផល CC Cream ដែលផលិតផលនេះ ក៏កំពុងទទួលបានការគាំទ្រ ច្រើនផងដែរ។

គួរបញ្ជាក់ថា ផលិតផលសាប៊ូ យីហោក្នុងស្រុកម៉ាក T&L Natural Product នេះ ស្ថិតក្រោមការវិនិយោគទាំងស្រុងពីវិនិយោគិនកម្ពុជា គឺក្រុមហ៊ុន Theara Leang Co, Ltd និងមានតំណាងដៃគូចែកចាយទូទាំង២៥ខេត្ត ក្រុង និងតាមបណ្ដាប្រទេសមួយចំនួនទៀត៕

ដោយ ម៉ៅ ចរិយា