ឯកឧត្តម សាយ សំអាល់៖ រាជរដ្ឋាភិបាលថ្មីនេះ ក្រសួងជំរុញបន្ថែមទៀតការអនុវត្ត មុខងារសាធារណៈក្នុងការគ្រប់គ្រងបរិស្ថាននៅថ្នាក់ក្រោមជាតិ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — កិច្ចប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន (ការផ្តល់សេវា រដ្ឋបាលរបស់ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នាទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់។

យោងតាមអត្ថបទព័ត៌មានដែលចុះផ្សាយដោយក្រសួងបរិស្ថានបាននិយាយថា នៅក្នុង​ប្រជុំវិមជ្ឈការ និងវិសហមជ្ឈការស្តីពីការផ្ទេរមុខងារ និងធនធាន(ការផ្តល់សេវារដ្ឋបាលរបស់​ក្រសួងបរិស្ថាន) ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ ក្រសួងបរិស្ថាននឹងជំរុញបន្ថែមទៀតដល់ ការអនុវត្តមុខងារតួនាទីគ្រប់វិស័យ ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្ត ដែលក្រសួង បានដាក់ចេញកន្លងមកទៅឱ្យថ្នាក់ក្រោមជាតិ និងពិភាក្សាគ្នាអំពីការអនុវត្តមុខ ងារសាធារណៈនេះទៅដល់ខេត្ត ក្រុងទាំង២៥ និងស្រុក ក្នុងការជួយរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងបរិស្ថាន ដូចជា ការគ្រប់គ្រងសំរាម ប្រព័ន្ធលូ ដើម្បីកិច្ចគាំពារបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាន៍ថា មុខងារសាធារណៈគឺត្រូវមានការ ទទួលខុសត្រូវនូវអ្វី ដែលបានចែងក្នុងអនុក្រឹត្យក្នុងការកំណត់មុខងារសាធារណៈ របស់ក្រសួងបរិស្ថាន កំណត់មុខងារសាធារណៈរបស់មន្ទីរ ដែលជាសេនាធិការឱ្យថ្នាក់ខេត្ត ថាតើត្រូវប្រែក្លាយមុខងារយុទ្ធសាស្រ្ត និងយុទ្ធវិធីបែបណា ដើម្បីការអនុវត្ត ឱ្យឆ្លើយតប ទៅនឹងផែនការក្រសួង ធ្វើយ៉ាងណាដើរឱ្យទាន់ទៅនឹងតម្រូវការសង្គម ដែលទាមទារឱ្យ រដ្ឋបាលសាធារណៈនេះ មានភាពឈ្លៀសវៃ និងមានប្រសិទ្ធភាព ឆ្លើយតបបានឆាប់រហ័សទៅ នឹងសេចក្តីត្រូវការរបស់សង្គមយើងបច្ចុប្បន្ន។

សូមបញ្ជាក់ថា កិច្ចប្រជុំក៏មានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់នៃ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមន្ទីរបរិស្ថានទាំង២៥ រាជធានី -ខេត្តក្រុង ដើម្បីជំរុញ និងលើកកម្ពស់ការអនុវត្តការគ្រប់គ្រងសំរាមទីប្រជុំជនក្រុងឱ្យមាន ប្រសិទ្ធភាព៕

ដោយ ពេជ្រ ណារិទ្ធ