អ៊ីស្រាអែលបង្កើនវិធានការសន្តិសុខនៅមុនបុណ្យចូលឆ្នាំថ្មីធ្វីហ្វ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — យោធាអ៊ីស្រាអែលបានធ្វើការបិទទាំងស្រុងវេសបែងនិងហ្គាហ្សាស្ទ្រីប ដែលអ៊ីស្រាអែលកាន់កាប់ដោយឡែកប៉ូលិសបានបង្កើន កិច្ចការពារសន្តិសុខក្នុងទីក្រុងហ្សេរុយសាឡឹមកាលពីព្រឹកថ្ងៃអាទិត្យនេះ នៅមុនបុណ្យចូលឆ្នាំថ្មី របស់ពួលជ្វីហ្វ ។


យោធាបានបិទកន្លែងឆ្លងកាត់ និងចំណុចឆែកឆេរទាំងអស់នៅវេសបែង និងហ្គាហ្សាកាលពីយប់ថ្ងៃសៅរ៍ ដោយហាមឃាត់ជនប៉ាឡេស្ទីនមិនឱ្យចូលទៅអ៊ីស្រាអែល ក្នុងអំឡុងបុណ្យចូលឆ្នាំជ្វីហ្វ នាពេលខាងមុខនេះ ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយកាលពីសប្តាហ៍កន្លងទៅថា ការបិទនេះនឹងមានរយៈពេលរហូតដល់ថ្ងៃពុធ ។ អ្នកនាំពាក្យនោះបាននិយាយថា ការបើកឡើងវិញគឺ អាស្រ័យលើការវាយតម្លៃខាងសន្តិសុខដោយនិយាយបន្ថែមថា ការលើកលែងនឹងត្រូវគេធ្វើសម្រាប់ករណីមនុស្សធម៌ និងករណីវេជ្ជសាស្ត្របន្ទាន់ ។

ប្រទេសអ៊ីស្រាអែល ចាត់ទុកពិធីបុណ្យជ្វីហ្វយ៉ាងសំខាន់នេះថា ជាឱកាសដែលអាចមានមួយសម្រាប់ការវាយប្រហារ ដែលធ្វើឡើងដោយពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ដូច្នេះហើយទើបមានការបិទទឹកដីដែលគេកាន់កាប់ក្នុងអំឡុងពេលនេះ ។
អ្នកនាំពាក្យប៉ូលិសលោក Mieky Rosenfeld បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុង អំឡុងពិធីបុណ្យ៣ថ្ងៃនេះ កងឯកភាពប៉ូលិស, ប៉ូលិសព្រំដែន, កងល្បាតពិសេសនឹងអនុវត្តន៍នូវវិធានការសន្តិសុខនៅក្នុងទីក្រុងនានា , ជុំវិញវិហារជ្វីហ្វ និងកន្លែងសាធារណៈ ។

ការបិទនេះក៏ជួនពេលគ្នាផងដែរជាមួយបុណ្យចូលឆ្នាំថ្មីពួកមូស្លឹមនៅថ្ងៃអង្គារ ដោយគេរំពឹងថា នឹងមានការសូត្រធម៌នៅក្នុងបរិវេណវិហារម៉ូស al-Aqsa នៅហ្សេរុយសាឡឹមខាងកើតជាកន្លែងដ៏ពិសិដ្ឋបំផុតទីបីរបស់សាសនាអ៊ីស្លាម ។
នៅពេលជាមួយគ្នានោះដែរពួកធម្មយាត្រាជ្វីហ្វរាប់ពាន់នាក់គេរំពឹងថា នឹងទៅដល់ជញ្ជាំងខាងលិចនៅខាងក្រោមបន្តិចនៃបរិវេណមូស្លឹមលើកំពូលកូនភ្នំនេះ ជាផ្នែកនៃពិធីបុណ្យចូលឆ្នាំថ្មីជ្វីហ្វ ដែលបង្កឱ្យមានការភ័យខ្លាចពីការប៉ះទង្គិចគ្នាដែលអាចមាន ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )