ស្ថានទូតអាមេរិកនៅអ៊ីរ៉ាក់រឹតបន្តឹងចលនានិយោជិករបស់ខ្លួន ក្នុងអំឡុងបុណ្យ Ashura របស់ពួកស៊ីអ៊ីត

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ — ស្ថានទូតអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃអាទិត្យនេះបានរឹតបន្តឹងចលនាពួកនិយោជិករបស់ខ្លួនក្នុងអំឡុងពិធីបុណ្យ Ashura យ៉ាងសំខាន់របស់ពួកស៊ីអ៊ីត ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ។

សេចក្តីថ្លែងការណ៍ព្រមានខាងសន្តិសុខមួយ នៅលើវេបសាយស្ថានទូតបាននិយាយថា វិធានការនេះ ត្រូវបានគេប្រកាន់យកក្នុងអំឡុងខែ ​Muharram ជាពិសេសនៅជុំវិញការរំលឹកដល់ Ashura នៅថ្ងៃអង្គារ ថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃសុក្រទី២១ ខែកញ្ញា ដោយសារការបិទផ្លូវដែលគេបានរំពឹងទុកហើយនឹងហ្វូងមនុស្សដែលគេមិនអាចស្មានបាន ។

ពួកមូស្លឹមនៅជុំវិញពិភពលោកគោរពដល់ខែ Muharram ដ៏ពិសិដ្ឋនេះ ជាខែទីមួយនៅក្នុងប្រក្រតិទិនតាមចន្ទគតិរបស់ពួកអ៊ីស្លាម ដោយឡែកពួកមូស្លឹមស៊ីអ៊ីត ធ្លាប់ធ្វើពិធីបុណ្យរួមគ្នា ដោយផ្ទាល់ខ្លួនរបស់ពួកគេក្នុងអំឡុង១០ ថ្ងៃដំបូងរបស់ Muharram នេះ នៅមុនពិធីបុណ្យ Ashura ឬ ថ្ងៃទី១០ របស់ Muharram ។

នៅពេលជាមួយគ្នានេះ ដែរការ​ព្រមានខាងសន្តិសុខបានដាល់តឿនដល់ពួកនិយោជិកស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងបាស្រា ប្រទេសអ៊ីរ៉ាក់​ភាគខាងត្បូង ថា ការតវ៉ាខ្លះៗ នៅក្នុងទីក្រុងបាស្រា បានក្លាយទៅជាអំពើហិង្សាដែលនាំឱ្យមានការស្លាប់និងរបួសដល់ពួកអ្នកតវ៉ា និងកងកម្លាំងសន្តិសុខ ។

តែយ៉ាងណាក៏ដោយគេបាននិយាយថា ពួកនិយោជិកអាមេរិករបស់ខ្លួនជាទូទៅបានគេចចេញពីតំបន់ណាមួយ ដែលការធ្វើបាតុកម្មអាចកើតឡើងដែលរួមមានទាំងសង្កាត់ពាណិជ្ជកម្មកណ្តាល បាស្រាផង ។ ក្នុងអំឡុងសប្តាហ៍កន្លងទៅនេះ ពួកបាតុករដែលមានកំហឹងរាប់រយនាក់បានដុតស្ថានកុងស៊ុលអ៊ីរ៉ង់​,អគាររដ្ឋាភិបាលខេត្ត , ការិយាល័យគណបក្សនយោបាយសំខាន់ៗខ្លះ ​ព្រមទាំងទីបញ្ជាការកងជីវពល ស៊ីអ៊ីតខ្លះ ក្នុងការតវ៉ានឹងអំពើពុករលួយដែលរីករាលដាល , សេវាសាធារណៈមិនល្អ , គ្មានការងារធ្វើ ព្រមទាំងទឹកមិនស្អាតនៅក្នុងខេត្តនេះ ។

ពួកមូស្លឹមស៊ីអ៊ីត ជាច្រើនលាននាក់មកពីអ៊ីរ៉ាក់ និងអ៊ីរ៉ង់ដែលនៅជិតខាងនឹងប្រមូលផ្តុំគ្នានៅក្នុងទីក្រុងដ៏ពិសិដ្ឋ Karbala របស់ពួកស៊ីអ៊ីត នៅចម្ងាយប្រហែល ១១០គីឡូម៉ែត្រខាងត្បូងក្រុងបាក់ដាដ ដើម្បីរំលឹកដល់ Ashura ដែលនឹងកត់សម្គាល់ដល់ការស្លាប់របស់ Imam Hussein , ចៅប្រុសរបស់ប្រូហ្វែត Mohammed ដែលត្រូវបានគេសម្លាប់នឹងកប់នៅក្នុងទីក្រុងនេះ នៅក្នុងគ្រឹស្តសករាជ ៦៨០ ៕

( ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន )