ឯកឧត្ដម អូស្មាន ហាស្សាន់ ផ្ដល់បទពិសោធន៍ផ្នែកធុរកិច្ចលើកទឹកចិត្ដ ដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យហ្វាតូនី ប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីថ្ងៃអាទិត្យ១៤ រោចខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស  ឯកឧត្ដម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និង លោកជំទាវ រួមជាមួយគណៈប្រតិភូកម្ពុជាអមដំណើរ បានជួបសំណេះសំណាល និងផ្ដល់បទពិសោធន៍ផ្នែកធុរកិច្ចលើកទឹកចិត្ដ ដល់និស្សិតកម្ពុជាដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ក្រោមគម្រោងអាហារូបករណ៍របស់សាកលវិទ្យាល័យ ហ្វាតូនី ដែលមាននិស្សិតកម្ពុជាសរុប ៩១រូប ក្នុងនោះក៏មាននិស្សិតកម្ពុជាទទួលបរិញ្ញាបត្រក្នុងថ្ងៃនេះចំនួន២២រូប ដោយឡែកនិស្សិតថៃ និងនិស្សិតមកពីបណ្ដាប្រទេសផ្សេងៗទៀត សរុបំនួន ៩៧១រូបផងដែរ ។  

     ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាសេនាបីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្ដមក៏បានផ្តាំផ្ញើដល់ក្មួយៗនិស្សិតកម្ពុជាថា ខ្ញុំតែងតែមានទស្សនៈថា ខ្ញុំធ្វើបាន អ្នកធ្វើបាន យើងធ្វើបាន មានន័យថា ដរាបណាយើ​ង​ខំប្រឹងដោយមាន​ភាព​ជឿជាក់ នោះយើងទាំងអស់គ្នានឹងអាចសម្រេចបានរាល់ការងារទោះតូច ឬធំក្ដី (ធុរកិច្ចមានន័យថា ការធ្វើជំនួញវិនិយោគ ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទទួលបានជោគជ័យ គឺជាបទពិសោធន៍ខ្ពស់សម្រាប់អាជីពរបស់យើង) ដែលទាមទារឱ្យយើង​ទាំងអស់គ្នាត្រូវទទួលយកចំណេះដឹង អភិវឌ្ឍន៍ ចំណេះដឹងច្នៃប្រឌិតចំណេះដឹង រួមផ្សំជាមួយការយក​ចំណេះដឹងទៅប្រើប្រាស់ឱ្យចំគោលដៅជាមួយសុជីវធម៌ ចរិយាធម៌ នៅក្នុងសង្គម និងប្រជាជាតិទាំងមូល ។ 

   ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានអបអរសាទរ ដល់និស្សិតកម្ពុជាទាំង ២២រូប ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលបានបរិញ្ញាបត្រពីសាកលវិទ្យាល័យ ហ្វាតូនី នៅថ្ងៃនេះ ក៏ដូចជាអ្នកដែលបញ្ចប់ការសិក្សានៅជំនាន់មុនៗដែរ សូមប្អូនៗក្មួយៗទាំងអស់ ត្រូវគិតថា ប្អូនៗជាទំពាំងស្នងឫស្សី ជាធនធានមនុស្សដ៏សំខាន់ និងមានឱកាសទៅបម្រើការងារនៅក្នុងប្រទេសយើង ដើម្បីអនាគតខ្លួន និងសង្គមជាតិទាំងមូល។ ជាក់ស្តែងកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតីតេជោហ៊ុន សែន បានយកចិត្តទុកដាក់លើវិស័យនានាក្នុងគោលដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព គឺវិស័យអប់រំ ជាវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលបាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងជំរុញដើម្បីការអភិវឌ្ឍធន ធានមនុស្ស។ 

    ក្នុងឱកាសនោះដែរ ឯកឧត្ដម អូស្មាន ហាស្សាន់ ក៏បានផ្តល់ថវិកា ជូននិស្សិតកម្ពុជាទាំង ៩១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១.០០០បាត ដើម្បីជួយសម្រួលដល់សម្ភារសិក្សា

ដោយសួស សំរិត