ឯកឧត្ដម អូស្មាន ហាស្សាន់ ទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ឯកឧត្ដម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យហ្វាតូនី គឺជាសាកលវិទ្យាល័យអន្តរជាតិ នៅភាគខាងត្បូងប្រទេសថៃដែលិធីទទួលសញ្ញាបត្រនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអាទិត្យ ១៤រោចខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី០៩​ ខែ កញ្ញា ឆ្នាំ២០១៨ ។

   ពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ក្រោមការឯកភាព និង ជំរុញពីសហក្រុមប្រឹក្សាភិបាល ដែលមាន  លោក Wan Muhamad Noor Matha ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ  ដែលជាអតីតប្រធានរដ្ឋសភា និង ឧបនាយករដ្ឋមន្រ្តីប្រទេសថៃផងដែរ ។

      ឯកឧត្ដម អូស្មាន ហាស្សាន់ បានមានប្រសាសន៍ថា ខ្ញុំជឿជាក់ថា តាមរយៈការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសមកដល់រូបខ្ញុំនៅថ្ងៃនេះ ពិតជាអាច​ជួយដាស់ស្មារតី ពង្រឹងអារម្មណ៍របស់យុវជនយើងទាំងកម្ពុជា និងថៃ ត្រូវតែភ្ញាក់រលឹក ប្រឹងប្រែង​បន្ត​ទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅរួមរបស់យើងម្នាក់ៗ នោះគឺការអភិវឌ្ឍសហគមន៍យើង​ដោយ    ឱ្យទទួល​បាន​នូ​វការបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងផ្នែកចំណេះដឹងទូទៅ ឬផ្នែកអ៊ិស្លាម ទទួលបា​នការងារធ្វើ បង្កើត​ជាមុខរបរ​ បង្កើតរោងចក្រ សហគ្រាស មន្ទីរពេទ្យ ។លពិសេស​គឺខិតខំ​ធ្វើឱ្យ​សហគមន៍យើង​អាច​រស់នៅប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងស្រឡាញ់អំពី​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង។ សម្រាប់ មុស្លិមកម្ពុជា ខ្ញុំពិតជាមានមោទនភាពណាស់ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋទូទៅ រួមទាំងសហគមន៍ខ្មែរអ៊ិស្លាមផងដែរ។

     សូមបញ្ជាក់ថា  ពិធីនេះធ្វើឡើងក្នុងពេលប្រគល់សញ្ញាបត្រលើកទី១៥ របស់សាកលវិទ្យាល័យហ្វាតូនី ដែលមាននិសិ្សតសរុបចំនួន ៩៧១រូប ក្នុងនោះឥស្សរជនបណ្ឌិតកិត្តិយសប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ ១រូប គឺឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ និង ១០រូបទៀតទទួលសញ្ញាបត្រអនុបណ្ឌិត ព្រមទាំង ៩៦០រូប ទទួលសញ្ញាបត្រ បរិញ្ញាបត្រ និងបរិញ្ញាបត្រ  រង៕

ដោយសួស សំរិត