ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងទៅពិនិត្យ និងព្យាបាល ព្រះរាជសុខភាពនៅប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេបាន​  ព្វ​ព្រះរាជហឫទ័យ ស្ដេចយាងចាកចេញពីកម្ពុជាហើយ នាព្រឹកថ្ងៃចន្ទ ០១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមព្រះទីនាំង​យន្ត​ហោះ​​ពិសេស ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដើ​ម្បី​គង់ប្រថាប់​ពិនិ​ត្យ និងព្យាបាលព្រះរាជសុខភាពមួយរយៈនៅទីនោះ។

យាង និងអញ្ជើញថ្វាយព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេដល់ព្រលានយន្តហោះ​អន្តរ​ជា​​​តិ​​ភ្នំពេញ មានវត្តមាន សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គម​ហា​​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យ​ក​​រដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចក្រឡាហោម ស ខេង ឧ​ប​នាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រ​សួងមហាផ្ទៃ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ និងព្រះរាជវង្សា​នុ​​វង្សជាច្រើនរូប​ទៀ​ត​។​ ដោយឡែកឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំកម្ពុជា ក៏មានវត្តមានក្នុងឱកាស​នោះ​ដែរ។

ក្នុងព្រះរាជសារចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ដែលត្រូវបានផ្សព្វផ្សាយតាមទូរស្ស​​ន៍ ​​​​ជាតិកម្ពុជា(TVK) ផ្ញើជូនជនរួមជាតិរបស់ព្រះករុណា ​ព្រះ​ម​​ហា​ក្សត្រ បានគូសបញ្ជាក់ថា «ទូលព្រះ​​​បង្គំខ្ញុំព្រះករុណាខ្ញុំ និងសម្ដេចព្រះមហាក្សត្រី ព្រះ​វរ​រាជមាតាជាខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអនុញ្ញាត និង​អនុ​ញ្ញា​ត​ពី​សម្ដេ​ច​ព្រះ​អគ្គមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ សម្ដេច ឯកឧត្ដម លោក​ជំ​ទាវ អស់លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗ ជនរួមជាតិ​ទាំង​អ​ស់​ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨តទៅធ្វើដំណើរ​ទៅ​ទីក្រុងប៉េ​កាំ​ង​ នៃសាធារណរដ្ឋប្រជាមានិតចិន    ដើម្បី ពិនិត្យ-ព្យាបាលព្រះរាជសុខភាព។ ​នៅក្នុងឱកាស​អ​វ​ត្ត​​​មានទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ខាងលើនេះ សម្ដេចវិបុលសេនាភក្ដីសាយ ឈុំ ប្រធាន​ព្រឹ​ទ្ធ​សភា នឹងទទួលជួយទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក្នុងឋានៈជាប្រមុខរដ្ឋស្ដីទី នៃព្រះរា​ជា​ណា​ចក្រកម្ពុជា។ទូលព្រះបង្គំ ខ្ញុំព្រះ ករុណាខ្ញុំ សូមថ្វាយព្រះពរសម្ដេចព្រះអគ្គមហាសង្ឃរាជ​ទាំង​​ពីរគណៈ សូមប្រគេនពរព្រះ ថេរានុថេរៈគ្រប់ព្រះអង្គ និងសូមជូនពរ សម្ដេច ឯកឧត្ដម លោក​ជំទាវ អស់លោក លោកស្រី លោកតា លោយាយ មាមីង បងប្អូន ក្មួយៗ ជន​រួម​ជាតិ​ទាំង​អស់ សូមបានប្រកបតែនឹង ព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត​ឡើ​យ​»

គួរបញ្ជាក់ដែរថា កាលពី​ថ្ងៃ​២២ ​ខែកុម្ភៈ ​ឆ្នាំ​២០១៨​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរ​ម​នា​ថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចព្រះ​មហាក្សត្រី​ព្រះ​វររាជ​មាតា​ជាតិខ្មែរ ព្រះអង្គទាំងទ្វេបាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ដើម្បី​ពិ​និ​ត្យ និង​​ព្យាបាល​ព្រះរាជសុខភាព ។ បន្ទាប់ពី​គង់ប្រថាប់​ពិនិត្យ ​និង​ព្យាបាល​ព្រះរាជសុខភាព​នៅ​​ទី​នោះមួយរយៈ ព្រះអង្គ​ទាំង​ទ្វេ​បាន​យាង​ត្រឡប់មកកាន់មាតុភូមិ​វិញ​នៅ​ថ្ងៃទី០២ ខែមេសា ​ឆ្នាំ២០១៨។ នេះគឺជាព្រះរាជដំណើរយាងជាទៀងទាត់ របស់ព្រះករុណា​ ព្រះ​មហា​ក្ស​ត្រ និងសម្ដេ​​ព្រះមហាក្សត្រី រៀងរាល់៦ខែម្ដងទៅកាន់រាជធានីប៉េកាំងសាធារណរដ្ឋ​ប្រជា​មា​និ​ត ចិន ដើម្បីពិនិត្យព្យាបាលព្រះរាជសុខភាព៕

ដោយជឹម ណារី