ឯកឧត្ដម អូស្មាន ហាស្សាន់ ដឹកនាំគណៈប្រតិភូចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់វិហារអ៊ិស្លាម នៅប្រទេសថៃ

AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ដោយមានការអនុញ្ញាតជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្ដល់កិតិ្ដយសឱ្យឯកឧត្ដម  អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ២៧រូប ទៅចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ព្រះវិហារអ៊ិស្លាមមួយខ្នង នៅខេត្តយ៉ាឡា ប្រទេសថៃ  កាលពីថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០១៨ ។  

    ឯកឧត្ដម អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ នឹងមានការជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ ហាឡាលប្រទេសថៃ ក៏ដូចជាក្រុមហ៊ុនវិនិយោគធំៗ លើវិស័យឧស្សាហកម្ម ហាឡាលផងដែរ ។ ក្រៅពីនេះគណៈប្រតិភូនឹងជួបភិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប់រួមអេមីរ៉ាត់ និង ម៉ារ៉ុក ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ព្រមទាំងពិភាក្សាស្ដីពីឱកាសវិនិយោគឧស្សាហកម្មនៅកម្ពុជា។ 

 សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះដែរឯកឧត្តម អូស្មាន ហាស្សាន់ ក៏នឹងត្រូវបានសាកលវិទ្យាល័យ ហ្វាតូនី ប្រទេសថៃ ផ្តល់ជូនសញ្ញាបត្រ បណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ចផងដែរ  ៕

ដោយសួស សំរិត