មេបញ្ជាការកងទ័ពជើងគោក ថា កងទ័ពធ្វើកំណែទម្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក វ៉ាង ភក្តី៖

អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអះអាងថា កងទ័ពធ្វើកំណែទម្រង់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា ការពារជាតិមិនមែនជាភារកិច្ចរបស់មនុស្សជំនាន់ណាមួយនោះទេ ប៉ុន្តែគឺជាភារកិច្ចរបស់កងទ័ពគ្រប់ជំនាន់ ដែលភារកិច្ចនេះ ត្រូវរួមគ្នាជាធ្លង់មួយ ដើម្បីសម្រេចបានជោគជ័យសម្រាប់ការអភិវឌ្ឍសង្គមជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន។

ថ្លែងក្នុងពិធីខួបអនុស្សាវរីយ៍ខួប១០ឆ្នាំ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស ដែលធ្វើឡើងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៩ ខែកញ្ញា ឯកឧត្តមឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា ប្រទេសជាតិមួយខ្លាំង គឺដោយសារកងទ័ព ហើយកងទ័ពសម័យនេះ គឺមិនខុសពីកងទ័ពសម័យមុននោះទេ ត្រូវតែភារកិច្ច និងកាតព្វកិច្ចការពារ ព្រមទាំងភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ និងការពារទឹកដី និងថែរក្សាសុខសន្តិភាពជូនមាតុភូមិ និងប្រជាជន។

ឯកឧត្តមឧត្តមសេនីយ៍ឯក បានបន្តថា ទោះបីកម្ពុជា ជាប្រទេសតូច និងកងទ័ព មិននទាន់មានសភាវុធទំនើបដូចប្រទេសមហាអំណាចឬបណ្ដាប្រទេសអភិវឌ្ឍន៍ក៏ដោយ ប៉ុន្តែកម្ពុជាមានកងទ័ពដ៏ស្មោះត្រង់មានស្មារតី និងឆន្ទៈស្នេហាជាតិ។ ឯកឧត្តមបានបញ្ជាក់ថា កងទ័ពកម្ពុជាបានឆ្លងកាត់នូវដំណាក់កាលជាច្រើន ទាំងការខិតខំស្វែងរកសុខសន្តិភាព ការកសាង ស្ថេរភាពជាតិ ឯកភាពជាតិ រហូតឈានដល់ដំណាក់កាលអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។

សូមបញ្ជាក់ថា នៅក្នុងខួបអនុស្សាវរីយ៍គម្រប់ឆ្នាំទី១០ នៃថ្ងៃបង្កើតបញ្ជាការដ្ឋានអង្គរក្ស កាលពីម្សិលមិញនេះ មានការចូលរួមពីបណ្តាអង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា នៃប្រទេសជាមិត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពាជាតិ នាយទាហាន នាយទាហានរង ពលទាហាន និងភ្ញៀវជាតិ អន្តរជាតិ ប្រមាណជាង២ពាន់នាក់ ព្រមទាំងមានការតាំងបង្ហាញយោធបរិក្ខាផ្សេងៗ និងមានសម្ពោធដាក់ឱ្យប្រើប្រាស់អគារបញ្ជាការចំនួន៣ខ្នងផងដែរ៕