កាកបាទក្រហមកម្ពុជាប្រគល់ មុងសុវត្ថិភាព និងសម្លៀកបំពាក់ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ឧត្តម អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកមុងសុវត្ថិភាពចំនួន៥០០ និង សម្លៀកបំពាក់ ចំនួន២០កេស ដែលជាអំណោយរបស់កាកបាទក្រហមចិន ខេត្តក្វាងស៊ី មកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និង ពលរដ្ឋខ្វះខាតចំនួន១៣០គ្រួសារ កាលពីថ្ងៃសៅរ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៨

បន្ទាប់ពីពិធីប្រគល់មុងសុវត្ថិភាពចំនួន៥០០ និង សម្លៀកបំពាក់ ចំនួន២០កេស នៅសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហាររួចមក ឯកឧត្តម អ៊ុយ សំអាត និងលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តព្រះវិហារ និង ក្រុមការងារ បាននាំយកមុងសុវត្ថិភាព និង សម្លៀកបំពាក់ កាកបាទក្រហមកម្ពុជា មកចែកជូនប្រជាពល រដ្ឋជួបការខ្វះខាតចំនួន ១៣០គ្រួសារ មកពីភូមិចំនួន៤ ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ

ឯកឧត្តម អ៊ុយ សំអាត ក៏បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះលោកយាយ លោកតា បងប្អូនទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ និងបានផ្តាំផ្ញើធ្វើយ៉ាងត្រូវសម្រាកក្នុងមុងជានិច្ច ចៀសវាងកើតជំងឺក្រុនចាញ់ គ្រុនឈាម ព្រោះរដូវវស្សាសម្បូរមូសដែកគោល និងមូសខ្លាដែលអាចបង្កទៅជាជំងឺគ្រុនចាញ់ និងគ្រុនឈាម ដូច្នេះបងប្អូនទាំងអស់ត្រូវហូបស្អាត ផឹកស្អាត និងមានអនាម័យល្អជានិច្ច

លោកជំទាវ ចឹក ហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកាកបាទក្រហមចិន ខេត្តក្វាងស៊ី ដែលបានប្រគល់មុងសុវត្ថិភាពចំនួន៥០០ និង សម្លៀកបំពាក់ ចំនួន២០កេស ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ តាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីយកមកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតនាពេលនេះ ហើយសាខាកាកបាទក្រហមខេត្ត និង បន្តយកអំណោយទាំងអស់នេះទៅ ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាពិសេស ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ និង ដើម្បីឆ្លើយតបបានទាន់ពេលវេលា។

សូមបញ្ជាក់ផងដែរថា​ សម្ភារៈដែលត្រូវចែកជូនពេលនេះ រួមមាន មុង១ អាវ១ ចំណែកលោកយាយ លោកតា ដែលមានជីវភាពខ្វះខាត ចំនួន៦ គ្រួសារ បានទទួលបន្ថែម អង្ករ២៥គីឡូ ឃីត ១ផងដែរ៕

ដោយ ទិត ស៊្រ