ឯកឧត្តម យន្ត មីន អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែនៅភូមិ៣ សង្កាត់លេខ១

AKP ព្រះសីហនុ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ –ព្រឹកថ្ងៃអាទិត្យទី ១៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងមួយខ្សែប្រវែង ១.២០០ម៉ែត្រ មានទីតាំងនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។ 
    

លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុមានប្រសាសន៍ឱ្យដឹងថា ផ្លូវបេតុងមួយខ្សែនេះតភ្ជាប់ពីផ្លូវថេរវិថីសម្តេចតេជោ ឆ្ពោះទៅកោះព្រាប មានប្រវែង ១.២០០ម៉ែត្រ ទទឹងពី៤ ទៅ ៦ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ  ដោយប្រើឆ្អឹងដែក ១០លី ជាការជួយឧបត្ថម្ភសាងសង់ដោយក្រុមហ៊ុនចិន AWESOME GLOBAL INVESTMENT GROUP Co,. LTD ផ្លូវមួយខ្សែនេះ គ្រោងសាងសង់រួចរាល់ក្នុងរយៈពេល ៣៥ថ្ងៃ ប្រសិនបើអំណោយផលល្អ មិនមានភ្លៀងធ្លាក់ជោកជាំរំខានក្នុងការសាងសង់   
    

ឯកឧត្តម យន្ត មីន អភិបាល បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AWESOME GLOBAL INVESTMENT GROUP Co,. LTD ដែលបានជួយស្ថាបនាផ្លូវបេតុងនេះឡើង ដើម្បីជួយសម្រួលចរាចរណ៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ដោយសារតែខេត្តព្រះសីហនុកំពុងត្រូវបានអភិវឌ្ឍន៍រីកចម្រើនយ៉ាងគំហុក ហើយវិស័យឯកជនក៏បានចូលរួមយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តព្រះសីហនុផងដែរ ។ នៅរដូវភ្លៀងឆ្នាំ២០១៨នេះ ធ្វើឱ្យផ្លូវមួយចំនួននៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាផ្លូវនានានៅទូទាំងប្រទេសមានការខូចខាតដោយ សារតែភ្លៀងបង្អុរធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យមានការខូចខាតយ៉ាងច្រើន ជាពិសេសនៅខេត្តព្រះសីហនុ មានការខូចខាតច្រើន តាមការប៉ាន់ប្រមាណការស្ដារប្រព័ន្ធលូរ និងការជួសជុលផ្លូវឡើងវិញក្នុងខេត្តត្រូវចំណាយថវិកាប្រមាណជា ៣៥០លានដុល្លារអាម៉េរិក ។
    

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមសងខាងផ្លូវបេតុងនេះ ត្រូវចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសាងសង់ផ្លូវ ដើម្បីឱ្យដំណើរការសាងសង់ផ្លូវនេះ ប្រព្រឹត្តទៅដោយរលូនធានាបានបរិមាណ និងគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ព្រោះផ្លូវបេតុងមួយខ្សែនេះជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា ៕

ដោយ ងូ សុមុនី