អធិការបតីអាល្លឺម៉ង់ផ្ញើសារជូនពរសម្តេចតេជោ ហ៊ុន សែនក្រោយឈ្នះឆ្នោតដឹកនាំ រាជរដ្ឋាភិបាលក្នុងអាណត្តិថ្មី

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហោ សេងគ្រី៖

លោកជំទាវ អង់ជីឡា មែកគែល Angela Merkel អធិការបតីអាល្លឺម៉ង់ បានផ្ញើសារលិខិតមួយច្បា់ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិ បាល ក្នុងអាណត្តិទី០៦នេះ។

ក្នុងសារលិខិតរបស់ លោកជំទាវAngela Merkel ដែលធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ តាមរយៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ថា៖ «ខ្ញុំសូមជូនពរសម្តេចទទួលបានជោគជ័យគ្រប់ប្រការក្នុងអាណត្តិថ្មីរបស់សម្តេច»។

លោកជំទាវ អង់ជីឡា មែកគែល បានបន្តថា «ប្រទេសនិងប្រជាជនយើងទាំងពីរមានទំនាក់ទំនងល្អ។ មិត្តភាពរវាងប្រទេសទាំងពីរត្រូវបានឆ្លុះបញ្ចាំងជាពិសេសតាមរយៈកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយអភិវឌ្ឍន៍អស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។ កិច្ចសហប្រតិបត្តិការនេះបានឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចែងពីការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងគោលការណ៍ប្រជាធិបតេយ្យ ព្រមទាំងការបោះឆ្នោតដោយ សេរីនិងយុត្តិធម៌»។

លោកជំទាវ អធិការបតីអាល្លឺម៉ង់ បានលើកឡើងទៀតថា «ចំពោះកិច្ចការពង្រឹងប្រជាធិបតេយ្យនិងការចូលរួមតាមរយៈកិច្ចសន្ទនានយោបាយដោយបើកចំហរ នៅកម្ពុជា សម្តេចអាចពឹងផ្អែកលើអាល្លឺម៉ង់បាន។ ខ្ញុំសូមជូនពរសម្តេចទទួលបានសំណាងល្អ និងសព្វសារធុកាពរក្នុងការបំពេញកិច្ចការសំខាន់ៗ»៕