និស្សិតកម្ពុជាចំនួន២២រូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងប្រទេសចិន

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ — បន្ទាប់ពីបានចុះអនុស្សរណៈយោគយល់គ្នារវាងគ្រឹះស្ថានអប់រំនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងសាកលវិទ្យាល័យ គ្រប់គ្រងនិង សេដ្ឋកិច្ច UME  ខេត្តកំពង់ចាមរួចមក និស្សិត កម្ពុជាចំនួន២២រូប ទទួលបានអាហារូបករណ៍ទៅសិក្សានៅក្នុងប្រទេសចិន ដើម្បីលើកកម្ពស់ គុណភាពអប់រំ និងផ្លាស់ប្ដូរកម្មវិធីសិក្សារវាងប្រទេសទាំងពីរ។

ក្នុងពិធីសំណេះសំណាល និងជូនដំណើរនិស្សិតទៅសិក្សានៅប្រទេសចិនសរុបចំនួន២២នាក់ កាលពីពេលថ្មីៗនេះ ឯកឧត្តម មួន វាសនា ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេងសំរិន និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ គ្រប់គ្រងនិង សេដ្ឋកិច្ច UME  ខេត្តកំពង់ចាម បានមានប្រសាសន៍ថា និស្សិតដែលបានទទួលអារហាររូបករណ៍ទៅសិក្សា នៅខេត្តហៃណាន ប្រទេសចិន មានចំនួន ២២នាក់ដែលក្នុងនោះនិស្សិតដែលបានខិតខំរៀនសូត្រ និងជាសិស្ស ពូកែប្រចាំសាលាសម្រាប់ជ្រើសរើសទៅសិក្សានៅប្រទេសចិននេះ។ ឯកឧត្តម បានណែនាំ ដល់ និស្សិតទាំងនោះថា ការជោគជ័យរងចាំ និងរត់មកយើងនៅពេលដែលនិស្សិត ត្រូវឧស្សា􀇜ហ៍ព្យាយាម សង្វាតតស៊ូខិតខំ ប្រឹងប្រែងរៀនសូត្រ ក្រេប ជញ្ជក់ដោយស្រេកឃ្លាន ស្រូប យកចំណេះដឹង ចំណេះវិជ្ជា និង មុខជំនាញវិជ្ជាជីវៈផ្សេងៗដាក់ខ្លួន។

ឯកឧត្តមក៏បានរម្លឹកផងដែរថា ខ្មែរយើងជាជាតិសាសន៍មួយដែលធ្លាប់មានកេរឈ្មោះ ល្បីល្បាញ អារ្យធម៌ខ្ពង់ខ្ពស់ បើតាំងចិត្តធ្វើអ្វីមួយ នឹងធ្វើបានសម្រេចដូចជាតិសាសន៍ជឿន​លឿនដ៏ទៃផ្សេងៗដែរ និងចងចាំគុណ ឪពុកម្តាយ អាណាព្យាបាលដែលតែងតែទំនុកបំរុង ជួយជ្រោមជ្រែងការសិក្សាកន្លងមក ព្រមទាំងរាជរដ្ឋាភិបាលដែលបានដឹកនាំប្រទេសជាតិ មានសុខសន្តិភាព។ ឯកឧត្តមបានបន្ថែមថា នេះជាលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែងដែលបាន មកដោយ លោក គាត ពិសិដ្ឋ ដែលជាកូនខ្មែរ១រូបបានទៅបង្រៀននៅវិទ្យាស្ថាន ភាសា បរទេសនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តហៃណានប្រទេសចិន ដែលបានជួយសម្រមសម្រួល ឱ្យមានការចុះអនុស្សរណៈយោគយល់គ្នា រវាងសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ ខែសីហាកន្លងមក។

សូមបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នា នឹងធ្វើការសហប្រតិបត្តការរវាង សាកលវិទ្យាល័យ និងវិទ្យាស្ថានប្រទេសទាំងពីរគឺផ្លាស់ប្តូរការចុះកម្មសិក្សា ធ្វើទស្សនកិច្ច សិក្សា រវាងនិស្សិត បុគ្គលិក និងសាស្ត្រាចារ្យចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកម្ម វិធីសិក្សាធិការអប់រំ។   ទន្ទឹមនេះ ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ រៀបចំសិក្ខាសាលា សន្និសីទអន្តរជាតិ និង វគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីឱ្យនិស្សិត មានឱកាសបានទៅបន្តការ សិក្សានៅប្រទេសចិន ការផ្លាស់ប្តូរការចុះកម្មសិក្សា ធ្វើទស្សនកិច្ចសិក្សា រវាង និស្សិត បុគ្គលិក និង សាស្ត្រាចារ្យ កិច្ចសហប្រតិបត្តិការអន្តរជាតិលើកម្មវិធីសិក្សាអប់រំរវាងកម្ពុជា និងចិន៕

ដោយ ហេង ណាលីន