សម្តេចតេជោនាយករដ្ឋមន្រ្តី៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានធ្លាប់បានប្រកាសចូលនិវត្តន៍ នេះជាសិទ្ធិសាមុីខ្លួន តែខ្ញុំក៏មានសិទ្ធិតែងតាំងជារដ្ឋមន្រ្តីបន្តទៀតដែរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដំបូង នីតិកាលទី៦ នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ធ្លាប់បានប្រកាសចូលនិវត្ថន៍ នេះជាសិទ្ធិរបស់ឯកឧត្តម ប៉ុន្តែសម្តេចក្នុងនាមជានាយករដ្ឋមន្រ្តី សម្តេចមានសិទ្ធិតែងតាំងឯកឧត្តមជារដ្ឋមន្រ្តីជាថ្មីបន្តទៀត។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា សម្តេចមិនបោះបង់ចោលអ្នកចាស់ដែលធ្លាប់រួមរស់ជាមួយគ្នាជាយូរណាស់មកហើយនោះទេ រាជរដ្ឋាភិបាលថ្មី រក្សាកម្លាំងចាស់ បង្កើនកម្លាំងថ្មី ហើយនិយាយបែបនេះ មិនមានន័យថាអោបក្រសោបមន្រ្តីធ្វើការមិនកើត និងសុខភាពទ្រុឌទ្រោមនោះទេ ដូចជាករណីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលសុខភាពរបស់ឯកឧត្តមមិនអាចបម្រើការបាន និងឯកឧត្តម ច័ន្ទ សារុន ដែលមានជំងឺ ទោះបីជាប្រសើរបន្តិចក៏ដោយ ប៉ុន្តែសុខភាពរបស់គាត់នៅទន់ខ្សោយណាស់ ដូច្នេះត្រូវទុកឲ្យគាត់បានសម្រាកសិន។

សម្តេចបានសង្កត់ធ្ងន់ថា ចង់អ្នកណាថាអី ក៏ថាចុះ យើងទុករដ្ឋមន្រ្តីតាមបណ្តាស្ថាប័ននានា ឲ្យនៅបន្តការងារតទៅទៀត ហើយមិនស្ថិតនៅលើបញ្ហាដូរមនុស្សទេ គឺថាមនុស្សដដែលហ្នឹងឲ្យចេះធ្វើកិច្ចការ បើដួលនៅត្រង់ណា ត្រូវខំងើបឈរដោយខ្លួនឯងនៅត្រង់នោះ។ ដូច្នេះ ខ្ញុំទុកអោយរដ្ឋមន្រ្តីនានាដែលធ្វើការងារបានល្អហើយ បន្តធ្វើការងារទៀត ហើយអ្នកមិនទាន់បានល្អ ត្រូវខិតខំប្រឹងធ្វើឲ្យបានល្អនៅក្នុងអាណត្តិថ្មីនេះ ។
សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ពិតហើយមិនមែនគ្មានការកែសម្រួលរាជរដ្ឋាភិបាលនៅពេលខាងមុខនោះទេ នៅពេលណាដែលយើងឃើញថា មានការចាំបាច់ដើម្បីនឹងធ្វើការកែសម្រួល នៅពាក់កណ្តាលអាណត្តិ ឬក្នុងពេលវេលាសមស្របណាមួយនោះ យើងនឹងធ្វើ ដើម្បីធានាថាយើងនឹងបន្តដំណើរស្ថានភាពមួយដែលខ្លាំង មិនមានការចុះខ្សោយ។ ដូច្នេះស្ថានភាពចម្រុះរវាងអ្នកចាស់ទុំ មានបទពិសោធន៍ ហើយការដាក់ក្មេងជំនាន់ក្រោយឲ្យទៅនៅជាមួយជាការចាំបាច់ណាស់ កាលណាចាស់ទុំបានចាកចេញទៅ នោះក្មេងជំនាន់ក្រោយនឹងបន្តវេន៕

ដោយ ហ៊ុន យុទ្ធគុណ