ក្រសួងបរិស្ថាន ចាប់ផ្ដើមសាកល្បងបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួល អាកាសធាតុដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងបរិស្ថាន និងក្រសួងអប់រំយុវជន និងកីឡា បានចាប់ផ្ដើមដាក់ឱ្យសាកល្បងលើការ បង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងកម្រិតថ្នាក់មធ្យមសិក្សាបឋមភូមិ មុននឹងឈានទៅដាក់បញ្ចូលក្នុងកម្មវិធីសិក្សានៅទូទាំង ប្រទេស។

លោក ជៀម ប៊ុនអ៊ាង ប្រធាននាយកដ្ឋានអប់រំបរិស្ថាន នៃក្រសួងបរិស្ថាន បានប្រាប់AKP ឱ្យដឹងនារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា សៀវភៅមេរៀនមុខវិជ្ជាប្រែប្រួល អាកាសធាតុនេះ ត្រូវបានដាក់ឱ្យបង្រៀន និងរៀនសាកល្បង ដោយធ្វើការកែលម្អខ្លឹមសារ បច្ចេកទេស មុននឹងឈានទៅបោះពុម្ពសៀវភៅ សម្រាប់ចែកផ្សាយដល់សាលាមធ្យមសិក្សា បឋមភូមិ ចាប់ពីថ្នាក់ទី៧ ទី៨ និងថ្នាក់ទី៩ ដើម្បីផ្ដល់ជាឧបករណ៍ជំនួយបន្ថែម ដល់លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនមេរៀនលើមុខវិជ្ជាប្រែប្រួលអាកាសធាតុ។ លោកបានបន្ដថា ការរៀប ចំបង្រៀនសាកល្បងលើមុខវិជ្ជាប្រែប្រួលអាកាសធាតុនេះ គឺមានមេរៀនចំនួន៥ រួមមាន បរិយាកាសផែនដី ការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការបន្សុំ និងផលប៉ះពាល់ដោយ សារការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើការកែសម្រួលឱ្យបានល្អប្រសើរ មុននឹងដាក់បញ្ចូល ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំយុវជន និងកីឡា នាពេលខាងមុខ។

លោកបានលើកឡើងទៀតថា ការដាក់ឱ្យរៀនសាកល្បងលើមុខវិជ្ជាប្រែប្រួលអាស ធាតុដល់សិស្សានុសិស្សនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់បង្កើននូវការយល់ដឹង អំពីបរិបទបរិស្ថានដូចជាឧស្ម័នផ្ទះកញ្ចប់ ការបំភាយឧស្ម័ន ការកើនឡើងកំដៅភពផែនដី និង បញ្ហាប្រឈមនានាចំពោះការប្រែប្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុង ពិភពលោក។ ជាមួយគ្នានេះ សម្រាប់ការបង្រៀនរបស់លោកគ្រូ អ្នកគ្រូគឺផ្ដល់នូវវិធីសាស្រ្ដ និងការផ្សព្វផ្សាយ អប់រំ ដល់សិស្សានុសិស្សក្នុងការចូលរួមទប់ស្កាត់ កាត់បន្ថយការប្រែប្រួល អាកាសធាតុ។
គួររម្លឹកថា កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយក ដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយ នាយកដ្ឋាន កម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការសាកល្បង (Pre-test teaching material) លើការបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុ សម្រាប់ថ្នាក់មធ្យម សិក្សាបឋមភូមិ កម្រិតថ្នាក់ទី៧ ទី៨ និងទី៩ ក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំង លើខ្លឹមសារ មេរៀន ភាពលំបាក និងងាយស្រួលនៃមេរៀន ពាក្យបច្ចេកទេស និងវិធីសាស្រ្តដែលផ្តោត សំខាន់លើមេរៀន ទាំងឡាយណាបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាទាក់ទងនឹងវិស័យ បរិស្ថាន ជាពិសេសកម្មវិធីសិក្សាពីការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បាមានប្រសាសន៍នៅក្នុង កម្មវិធីនោះថា ការដាក់បញ្ចូលមេរៀន ក៏ដូចជាខ្លឹមសារទាក់ទងនឹងបរិស្ថាន ធ្វើយ៉ាងណា ដើម្បីបញ្រ្ជាបដល់ប្អូនៗសិស្សានុសិស្សឱ្យបានដឹង និងចូលរួមនៅក្នុងកិច្ចគាំពារបរិស្ថាន តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សា ដែលត្រូវប្រើប្រាស់ជាមេរៀនបញ្ចូល ទៅក្នុង កម្មវិធីសិក្សាមធ្យម សិក្សាបឋមភូមិ នាពេលខាងមុខនេះ។

សូមបញ្ជាក់ថា គម្រោងបង្រៀនសាកល្បងលើមុខវិជ្ជាប្រែប្រួលអាកាសធាតុនេះ គឺចាប់ ផ្ដើមអនុវត្ដន៍នៅរាជធានី ខេត្ដចំនួនពីរ រួមមានខេត្ដកោះកុង និងរាជធានីភ្នំពេញ ហើយ គ្រោងនឹងបណ្ដុះបណ្ដាលគ្រូបង្គោលចំនួន៤ខេត្ដបន្ថែមទៀត រួមមានខេត្ដកំពង់ធំ មណ្ឌលគិរី កោះកុង និងរាជធានីភ្នំពេញ ដែលគម្រោងនេះបានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០១៦ និង​បញ្ចប់នៅដើមឆ្នាំ២០១៩ខាងមុខ៕

ដោយ អ៊ុន រិទ្ធី (ប្រភព៖ក្រសួងបរិស្ថាន)