ឯកឧត្តម ជាវ តាយ ចូលរួមក្នុងពិធីចុះកិច្ចសន្យាសាងសង់កំពង់ផែកុងតឺន័រនៅស្រុកទឹកឈូ

AKP កំពត ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ពិធីចុះកិច្ចសន្យាសហការសាងសង់កំពង់ផែកុងតឺន័រ (Container Poit) និងបើក ការដ្ឋានបូមស្តារឃ្លងនាវា ចេញ-ចូលជម្រៅ១៤ម៉ែត្រ នៅក្នុងឃុំបឹងទូក និងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានរៀបចំឡើងកាលពីរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត រវាងក្រុមហ៊ុន Kampot Poit Co., Ltd.និងក្រុមហ៊ុន CRCC harbour & Channel Engineering Bureau Group Co.,Ltd  ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានលើកឡើងថា ដោយសារខេត្តកំពតមាន សក្តានុពលអំណោយផលពីធម្មជាតិ បានខិតខំអនុវត្តន៍ជាបន្តបន្ទាប់ដោយសម្រេច បាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវជាតិសំខាន់ៗ ប្រព័ន្ធផ្លូវលំជនបទ ខេត្តក៏បានយកចិត្តូទុកដាក់ថែទាំ ជួសជុលកែលម្អជាបន្តបន្ទាប់ ហើយខេត្តក៏ទទួលបានសមិទ្ធផលជាច្រើនទៀតដែលបាន និងកំពុងកសាងយ៉ាងសកម្ម ដូចជាវិស័យកសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច ទេសចរណ៍ ជាអាទិ៍សកម្មភាព វិនិយោគតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ តំបន់សេដ្ឋកិច្ចពិសេស តំបន់សម្បទានសេដ្ឋកិច្ច កំពង់ផែអន្តរជាតិ សម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍។ ដោយឡែកសម្រាប់ការងារវិនិយោគ កិច្ចអភិវឌ្ឍន៍ឃុំ សង្កាត់ក៏កំពុងរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា បច្ចុប្បន្នខេត្តកំពត មានក្រុមហ៊ុនវិនិ យោគចំនួន ៣១ក្រុមហ៊ុន ក្នុងនោះរួមមានក្រុមហ៊ុនកសិឧស្សាហកម្មចំនួន៤ កំពង់ផែខ្នាតតូច ចំនួន៣ ឧស្សាហកម្មចំនួន៩ ទេសចរណ៍សណ្ឋាគារចំនួន៨ តំបន់ផលិតអគ្គិសនី និងតំបន់សេដ្ឋកិច្ចពិសេសចំនួន២ និងកន្លែងកែច្នៃផលិតផលសមុទ្រចំនួន១។ ទន្ទឹមនិងនេះ ខេត្តក៏មានរោងចក្រផលិតស៊ីម៉ង់ត៍ចំនួន៤កន្លែង ដោយកំពុងដំណើរការ៣កន្លែង ដែលបាន រកចំណូលជូនថវិកាជាតិរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍ខេត្តកំពតឱ្យកាន់តែមានភាពរីកចម្រើន។

ឯកឧត្តមបន្តថា ក្នុងខេត្តកំពតមានកំពង់ផែសមុទ្រចំនួន៥កន្លែង ដោយសង្ឃឹមថា នៅពេលខាងមុខនឹងធ្វើឱ្យមានកំណើនថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

ដោយ  ប្រាក់ លាង