រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាប្រមាណជា៣០ពាន់លានរៀល សម្រាប់ឧបត្ថម្ភមន្ត្រីរាជការគ្រប់ប្រភេទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — រាជរដ្ឋាភិបាលគ្រោងចំណាយថវិកា ប្រមាណជា ៣០ពាន់លានរៀល ប្រហែលជា ៧​លា​ន​ដុល្លារសហរដ្ឋអាមេរិក ទៅលើការឧបត្ថម្ភមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និង​មន្ត្រីចាប់ពីថ្នាក់ភូមិឡើង ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ថ្លែ​ង​ដូ​ច្នេះ​ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នាព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព។ សម្ដេច តេជោ ថ្លែ​​ង​​ថា ការឧបត្ថម្ភនេះគឺសម្រាប់មន្ត្រីរាជការគ្រប់ប្រភេទ និងកងកម្លាំង ប្រដាប់អាវុធ ក្នុង​ម្នាក់​ចំនួ​ន​៥ម៉ឺនរៀល ដូច្នេះស្នើឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខងារ សាធារណៈ​រៀប​ចំជាអនុក្រឹត្យឡើង នេះជាចំណុចទីមួយ។

ឯចំណុចទីពីរ គឺត្រូវរៀបចំការបើកបៀវត្ស​រ៍ក្នុង​ខែ​កញ្ញានេះ គឺត្រូវបើកនៅសប្ដាហ៍ ទីបួនធម្មតា ប៉ុន្តែយើងត្រូវដឹងថានៅខែតុលានឹង​មាន​បុណ្យ​ភ្ជុំបិណ្ឌ ដូច្នេះត្រូវបើកបៀវត្សរ៍ និងប្រាក់ឧបត្ថម្ភនៅសប្ដាហ៍ទីមួយនៃខែតុលា។ ឯខែវិច្ឆិកា​យើង​អាចបើកបៀវត្សរ៍ នៅ សប្ដាហ៍ទីពីរ ដើម្បីកុំឱ្យមានគម្លាតនៃការបើកបៀវត្សរ៍​កាលពី​ដើម​ខែ​តុ​លា ហើយម្យ៉ាង ទៀតយើងក៏មានបុណ្យអុំទូកផងដែរ។ ចំណែកខែធ្នូគឺត្រូវបើក​នៅ​សប្ដា​ហ៍​​ទី​៣ នេះជារបៀបមួយដើម្បីដោះស្រាយបញ្ហា ហើយចាប់ផ្ដើមពីខែមករា ឆ្នាំ២០១៩ទៅ គឺ​ក្នុង​រយៈពេល ១៥ថ្ងៃបើកបៀវត្សរ៍ម្ដង។ នេះគឺជាអ្វីដែលយើងបានរៀបចំទុកជាមុន៕

ដោយ ជឹម ណារី