សមាជិកគណៈរដ្ឋមន្រ្តីក្នុងអាណត្ដិទី៦នេះ គឺស្ទើរតែទាំងអស់មានអាយុលើសពី៥០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០១៨ — ស្ទើរតែទាំងអស់នៃសមាជិកគណៈរដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦នេះ គឺមាន អាយុលើសពី៥០ឆ្នាំ លើកលែងតែសមាជិកម្នាក់ដែលមានអាយុ៣៨ឆ្នាំនៅក្នុងឆ្នាំនេះ។

គណៈ រដ្ឋមន្រ្តីថ្មីដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មានសមាសភាពឧបនាយករដ្ឋមន្ត្រីចំនួន១០រូប ទេសរដ្ឋមន្រ្តីចំនួន ១៧រូប និងរដ្ឋមន្រ្តីចំនួន២៩រូប។ សមាជិកទាំងអស់នេះត្រូវបានបោះឆ្នោតទុកចិត្ត ដោយ សមាជិកសភាដែលទើបតែជាប់ឆ្នោតថ្មីចំនួន១២៥រូប នៅក្នុងសម័យប្រជុំលើកទី១ នីតិកាលទី ៦ នៃរដ្ឋសភាជាតិកាលពីថ្ងៃម្សិលមិញ។ សមាជិករាជរដ្ឋាភិបាលទាំងអស់នេះ បានចាប់ផ្ដើម បើកកិច្ចប្រជុំពេញអង្គ លើកដំបូងរបស់ខ្លួននៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

ជាមួយគ្នានេះ សម្រាប់សមាជិកគណៈរដ្ឋមន្ត្រីដែលវ័យចំណាស់ជាងគេ គឺឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលមានអាយុ ៨៣ឆ្នាំ ខណៈដែលសមាជិកដែល មានវ័យក្មេងជាងគេ គឺរដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមសាយ សំអាល់ ដែលមានវ័យ ៣៨ឆ្នាំ។ ក្រៅពីនេះ គឺជាសមាជិកភាគច្រើនស្ថិតនៅក្នុងអាយុខ្ទង់៦០ឆ្នាំ ហើយសមាជិកមួយ ចំនួនមានអាយុខ្ទង់៧០ឆ្នាំ និងសមាជិកផ្សេងទៀតមានអាយុខ្ទង់៥០ឆ្នាំ៕

(ដោយ  ចិន្តាខន្តី)