ខេត្តកំពង់ធំរៀបចំពិធីប្រកាសចូលកាន់មុខតំណែងថ្មី របស់អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរចំនួនបួន

AKP កំពង់ធំ ថ្ងៃទី0៧ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីរាជការចំនួន០៤រូបក្នុងខេត្តកំពង់ធំ ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី ជា អនុប្រធានមន្ទីរ ប្រធាន និងអនុប្រធានការិយាល័យនៃមន្ទីរចំនួន០៤រួមមាន៖ ១. លោក ឈ បៀងគង់ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, ២. លោក លឹម ប៊ុនឈាន់ ប្រធានការិយាល័យមន្ទីរពាណិជ្ជកម្មខេត្ត, ៣. លោកស្រី ម៉ៃ ម៉ារិន អនុប្រធានមន្ទីរព័ត៌មាន ខេត្ត និង៤. លោក ឌិន មករា អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ មន្ទីរមុខងារសាធារណៈខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

បន្ទាប់ពីលោក ឌឹប គឹមហុង បានអានដីកាតែងតំាងរួចមក និងពិធីប្រគល់នូវដីកាតែង តំាងដល់សាមីខ្លួន ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានសម្តែងនូវការអបអរសាទរ ចំពោះមន្រ្តីរាជការ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនៅពេលនេះ ហើយការតែងតាំង ការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជា ធម្មតាក្នុងការគ្រប់គ្រងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឈុន ឈន់ ក៏បានជំរុញដល់ប្រធានមន្ទីរអង្គភាពទាំងអស់ ត្រូវចេះបែងចែក ការងារទៅឱ្យមន្ត្រីក្រោមឱវាទ ស្របទៅតាមលក្ខខណ្ឌការងាររបស់មន្ត្រីរាជការស៊ីវិល ហើយមន្ត្រីទាំងនោះ ត្រូវខិតខំពង្រឹងនូវសមត្ថភាពរបស់ខ្លួន ខិតខំរៀនសូត្រ ក្រេបយកបទ ពិសោធន៍ និងចំណេះដឹងពីមន្ត្រីចាស់ ទៅតាមជំនាញរបស់ខ្លួន ដើម្បីឱ្យដំណើរការការងារ ប្រព្រឹត្តទៅដោយដំណើរល្អ និងមានការរីកចម្រើននៅក្នុងអង្គភាពឱ្យបានប្រសើរឡើង។
បន្ថែមពីនេះ ឯកឧត្តម សុខ លូ និងឯកឧត្តម ឈុន ឈន់ ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ច របស់ខ្លួន ជាពិសេសត្រូវផ្តល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យបានល្អត្រឹមត្រូវ និងទាន់ ពេលវេលា។

លោក ឈ បៀនគង់ ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាខិតខំរៀនសូត្រ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត រក្សាចំណងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំបំពេញភារកិច្ចទ្វេរដង ដោយគោរពគោលការណ៍របស់រដ្ឋ ជាពិសេសបម្រើ សេវាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវាល លើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងអនុវត្តន៍យ៉ាងខ្ចាប់ខ្ចួន តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន៕

ដោយ ណៅ ធឿន