លោក ថោង បញ្ញាធន៖ ម្ចាស់មេដាយមាសកីឡាអាស៊ី ខាន់ ចេសា នឹងជួយពង្រីកកីឡា   ជឺជីតស៊ូនៅកម្ពុជាឱ្យកាន់តែផុសផុល

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — លោក ថោង បញ្ញាធន អគ្គលេខាធិការ សហព័ន្ធកីឡាជឺជីត ស៊ូកម្ពុជាបានថ្លែងបញ្ជាក់ប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងនៅថ្ងៃសុក្រទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះថា  ម្ចាស់មេដាយមាសកីឡាអាស៊ី កញ្ញា ខាន់ ចេសា នឹងជួយជំរុញដល់វិស័យកីឡាជឺជីតស៊ូ កម្ពុជាកាន់តែមានភាព ផុសផុល និងរីកចម្រើនបន្ថែមទៀត តាមរយៈការពង្រីកការផ្សព្វផ្សាយ និងទាក់ទាញយុវជនឱ្យចូលរួមលេង កីឡានេះឱ្យកាន់តែសម្បូរបែបបន្ថែមទៀត។

អគ្គលេខាធិការរូបនេះបន្តថា វត្តមានជឺជីតស៊ូគឺជាប្រភេទថ្មីមួយនៅកម្ពុជា ហើយកីឡា ប្រយុទ្ធនេះ ស្រដៀងទៅនឹងប្រភេទកីឡាយូដូដែរ ប៉ុន្តែពាក់ព័ន្ធទៅនឹងបច្ចេកទេសច្រើន ជាងយូដូ ដូចជាបច្ចេក ទេសដោះ ក្លេដៃ ក្លេជើង និងក្លេកជាដើម។ ជឺជីតស៊ូនេះមានប្រភព ដើមចេញមកពីប្រទេសជប៉ុន ហើយត្រូវបាននាំយក និងពេញនិយមខ្លាំងនៅប្រទេស ប្រេស៊ីល។ បច្ចុប្បន្ន សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា កំពុងពង្រីកការផ្សព្វផ្សាយ និងបំផុស ស្មារតីដល់យុវជននានាឱ្យចូលរួមហ្វឹកហាត់ឱ្យបានច្រើន គឺដើម្បីបណ្តុះបណ្តាលបាននូវធន ធាន ឱ្យកាន់តែសម្បូរបែប ប្រយោជន៍ឱ្យសហព័ន្ធជំនាញមួយនេះចម្រាញ់បានកីឡាករ-កីឡាការិនីសម្រាប់ជាតិ នាថ្ងៃអនាគត។

លោកបានបន្ដថា កម្ពុជាក៏នឹងអាចបន្ថែមនូវធនធានប្រកបដោយគុណភាពខ្ពស់ ក្នុង ការត្រៀមខ្លួនកាន់ តែល្អប្រសើរឆ្ពោះទៅប្រជែងមេដាយពីលើឆាកអន្តរជាតិ ជាពិសេសគឺការ ត្រៀមខ្លួនទទួលធ្វើជាម្ចាស់ផ្ទះ កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

លោកបញ្ជាក់ពីគោលដៅបន្តបន្ទាប់ថា នៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ ខាងមុខនេះ ក៏មានប្រភេទកីឡាជឺជីតស៊ូនេះដែរ ហើយសហព័ន្ធក៏ត្រៀមបញ្ជូន កីឡាករកីឡាការិនីជម្រើសជាតិ កម្ពុជាទៅចូលរួមប្រជែងមេដាយទៀតផង។ ចំណែកឯ ព្រឹត្តិការណ៍ អូឡាំពិកហ្គេម នៅទីក្រុងតូក្យូ ប្រទេស ជប៉ុន នាឆ្នាំ២០២០នោះ លោកមិន ទាន់ដឹងច្បាស់ទេថា មានប្រភេទកីឡានេះឬអត់ ប៉ុន្តែប្រសិនបើមាន គឺជឺជីត ស៊ូកម្ពុជានឹង ត្រូវដាក់ឱ្យទៅចូលរួមប្រកួតប្រជែងផងដែរ។ ពេលនេះសហព័ន្ធមានអត្តពលិកកំពុងហ្វឹក ហាត់ជា ប្រចាំមានចំនួន៥០នាក់៕

ដោយ ហេង​ ណាលីន