ឯកឧត្តម វ៉ាត់ ចំរើន៖ ការឧបត្ថម្ភរបស់ក្រុមហ៊ុនឆ្នោតកីឡាជាតិដល់ជ័យលាភី កីឡាអាស៊ី គឺជាការរួមចំណែកអភិវឌ្ឍន៍កីឡាកម្ពុជាកាន់តែប្រសើរ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិ ការជាតិអូឡាំពិកកម្ពុជាបានចាត់ទុកថា ការជួយឧបត្ថម្ភបន្ថែមរបស់ក្រុមហ៊ុនឆ្នោត កីឡាជាតិ ជូនដល់ម្ចាស់ជ័យលាភីកីឡាអាស៊ី នាពេលនេះគឺជាការរួមចំណែកដ៏សំខាន់ ក្នុងការលើក កម្ពស់ វិស័យកីឡាជាតិឱ្យកាន់តែប្រសើរ។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីឧបត្ថម្ភថវិកាមួយចំនួនលើកទឹកចិត្តជូនដល់ ជ័យលាភី កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទសឥណ្ឌូណេស៊ី គឺកីឡករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្រុមហ៊ុនឆ្នោតកីឡា ជាតិ។ ឯកឧត្តមបន្ថែមថា នេះការលើកទឹកចិត្តបន្ថែមពីក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភគាំទ្រ ចំពោះការខិតខំរបស់អត្តពលិករហូតដល់ដណ្តើមបានកិត្តិយសជាតិ និងមេដាយពីលើឆាក អន្តរជាតិ។ អគ្គលេខាធិការរូបនេះមានក្តីរំពឹងថា ក្រុមហ៊ុននឹងបន្ដកិច្ចសហប្រតិបត្តិល្អជា មួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរួមគ្នាក្នុងភាពជាដៃគូ ក្នុងគោលដៅឆ្ពោះទៅ ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តមបានបន្ថែមថា នេះជាក្រុមហ៊ុនទី២ ដែលបានជួយឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនដល់ម្ចាស់មេដាយមាស និងសំរឹទ្ធិទាំង ពីររូប បន្ទាប់ពីណាហ្គាវើល ក្រៅអំពីការឧបត្ថម្ភ ប្រាក់រង្វាន់ជាគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា និង ទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

សូមរម្លឹកថា អត្តពលិកជ័យលាភីរបស់កម្ពុជាទាំងពីររូបនេះ គឺដណ្តើមបាន ដោយកីឡាករ សាលី អ៊ូមើត លើប្រភេទកីឡាម៉ូតូទឹក ដែលឈ្នះមេដាយមាស១ និងសំរឹទ្ធិ១ ស្របពេលដែល កីឡាការិនី ខាន់ ចេសា ឈ្នះ មេដាយមាសលើប្រភេទកីឡាជឺជីតស៊ូ នៅព្រឹត្តិការណ៍រៀង រាល់៤ឆ្នាំម្តង កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេស ឥណ្ឌូណេស៊ី៕

ដោយ ហេង ណាលីន