រដ្ឋបាលរាជធានីភ្នំពេញ គ្រោងបើកការដ្ឋានសាងសង់ស្ពានអាកាសទី៧ ក្បាលថ្នល់ នាពេលឆាប់ៗនេះ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅពេល ឆាប់ៗនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបើកការដ្ឋានសាងសង់ស្ពានអាកាសទី៧ ក្បាល ថ្នល់ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរួច រាល់នោះ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន ​និង​កំពុង​ត្រៀម​រៀបចំ​សាងសង់​ស្ពាន​អាកាស​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ត្រង់​ចំណុចប្រសព្វ​ផ្លូវ​៦០​ម៉ែត្រ ផ្លូវ​ព្រះ​មុនី​វង្ស ​និង​ផ្លូវ​២៧១ ជាប់​ព្រំប្រទល់ខណ្ឌមានជ័យ​ និង​ខណ្ឌចំការមន ក្បែរ​ស្ពាន​អាកាស​ក្បាលថ្នល់។​ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងបែបនេះ ខណៈដែលលោកចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ ដោះស្រាយ​ផល​ប៉ះពាល់​ការ​សាងសង់​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ។

លោក មាន ចាន់​យ៉ា​ដា បានបញ្ជាក់ថា អាជ្ញាធរមូលដ្ឋាន និង​មន្ទីរ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​ជំរុញ​ផែនការ​ដោះស្រាយ​ផល​ប៉ះពាល់​ឱ្យ​បាន​លឿន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​គម្រោង​នេះ ឈាន​ដល់​ការ​បើក​ការដ្ឋានឆាប់​ៗ ដើម្បី​កាត់​បន្ថយ​ឱ្យ​បាន​នូវ​ការ​កកស្ទះ​ចរាចរ​ ដែល​ជា​បញ្ហា​ប្រឈម​រាល់ថ្ងៃ​នៅរាជធានីភ្នំពេញ។

សូម​បញ្ជាក់ថា បច្ចុប្បន្ន រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់, ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ, ស្ពាន​អាកាស​៧​មក​រា ,ស្ពាន​អាកាស​៥​មក​រា ,ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោម​ចៅ និង​ស្ពាន​អាកាស​ច្រមុះជ្រូក​ក្បាលថ្នល់ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន ​និង​កំពុង​ជំរុញ​ផែនការ​ដោះស្រាយ​ផល​ប៉ះ ពាល់ឱ្យបានលឿន ដើម្បី​ឈាន​ទៅ​ដល់​ការ​ បើកការដ្ឋានសាងសង់​នៅ​ពេល​ឆាប់​ៗ​នេះ៕

ដោយ សួស សំរិត