សម្ដេចតេជោ៖ យុទ្ធសាស្ត្ររបស់ ហ៊ុន សែន ត្រូវការឈ្នះសង្គ្រាមតាមរយៈ ការក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្នុងខណៈដែលបង្ហាញនូវវត្តមានសមាសភាពគណៈរដ្ឋមន្ត្រីអាណត្តិទី៦ ដែលពុំមាន ការផ្លាស់​ប្ដូរនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែង​ប្រៀ​​ប​ធៀបថា នេះគឺជាយុទ្ធសាស្ត្រឈ្នះសង្គ្រាមមិនមែនជាការឈ្នះសមរភូមិ ដោយ​រក្សា​នូវ​ក​ម្លាំ​ង​​ចាស់ និងបង្កើនកម្លាំងថ្មី ដើម្បីចូលរួមការអភិវឌ្ឍប្រទេសជាតិនោះ។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដំបូង នាព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅវិមានសន្តិភាព សម្ដេចតេជោ ថ្លែ​ង​ថា រាជរដ្ឋាភិបាលអាណត្តិទី៦ នេះ យើងមាន២៨ ក្រសួង និងរដ្ឋលេខាធិការដ្ឋានមួយ និង​មា​​ននាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីចំនួន ៤៦រូប ដែលទទួល ខុស​ត្រូវ​​ចំពោះមុខរដ្ឋសភា និងនាយករដ្ឋមន្ត្រី។

សម្ដេចតេជោបញ្ជាក់ថា អាណត្តិទី៦ នេះ​ពុំមាន​ប្ដូរ​រដ្ឋ​មន្ត្រីណាម្នាក់ទេ តើមូលហេតុអ្វី។ មនុស្សមួយចំនួនគិតថាការកែទម្រង់គឺជាការប្ដូរមនុស្ស នេះ​គឺជាការគិតខ្លីរបស់មនុស្សខ្លះ ប្រសិនបើការកែទម្រង់ណាមួយត្រឹមតែការប្ដូរមនុស្ស វាមិន​ខុ​សពីការសម្លាប់ខ្លួនទេ សំខាន់ បំផុតគឺសំដៅទៅលើខ្លឹមសារ និងប្រសិទ្ធភាពការងារឯណ្ណោះ​វិញ​។ មានអត្ថាធិប្បាយខ្លះ ដែលមានចំណងជើងថា «ស្រាចាស់ដបថ្មី ឬដបថ្មីស្រាចាស់» ខ្ញុំសូមបញ្ជាក់ថា ធ្វើនយោបាយ បើធ្វើត្រឹមតែដោះដូរមនុស្សទើបហៅថាការកែទម្រង់ គណ​បក្ស​នយោបាយមួយនោះ នឹងស្លាប់ ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកកោរបំផុត។

ខ្ញុំ​សូមជម្រាបថា ជោគជ័យរបស់ហ៊ុន សែន គឺចាប់ផ្ដើពីមនុស្ស៥នាក់ រហូតមកដល់ មនុស្ស​រាប់​លាន​នាក់ដែលនៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀបរក្សាចាស់ បង្កើនថ្មី នេះ​ហើ​យ​ជាទម្លាប់របស់ ហ៊ុន​សែន ហើយយើងត្រូវដឹងថា ជោគជ័យកន្លងទៅដែល ប្រជាពលរដ្ឋ​បាន​បោះឆ្នោតភ្លូកទឹកភ្លូកដីឱ្យគណបក្សប្រជាជនក្នុងចំណោម ២០គណបក្ស តើវាបានមក​ពី​ការ​ខិតខំរបស់ ហ៊ុន សែន ម្នាក់ឯង ឬបានមកពីការខិតខំរបស់ រាជរដ្ឋាភិបាលទាំងមូល។ មាន​ន័​យថាអាណត្តិទី៥កន្លមកជោគជ័យគឺបានទទួលធំណាស់ សម្រាប់ប្រទេសទាំងមូល និង​ក្រុម​គ្រួសារ​នីមួយៗ។ ម្យ៉ាងទៀត ត្រូវមើលឱ្យឃើញថា ប្រសិនបើជោគជ័យហើយ បែរ​ជានាំ​គ្នា​បោះ​បង់មន្ត្រីដែលខំប្រយុទ្ធដើម្បីយកឈ្នះនោះ តើ ហ៊ុន សែន អរគុណធម៌ប៉ុណ្ណាទៅ។ ឧទា​ហ​​​ណ៍​ ការប្រ​​កួតមួយដែលយកឈ្នះ ទីចុងបំផុតត្រូវ បានទាត់ចោល ដល់ទៅអាណត្តិក្រោយ​តើ​ ហ៊ុន សែ​ន ត្រូវទៅប្រើអ្នកណាទៀត តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធ​សា​ស្ត្រ​ឈ្នះ​សង្គ្រាម។

សម្ដេចបន្តថា ខ្ញុំមិនត្រូវការឈ្នះត្រឹមតែសមរភូមិទេ ខ្ញុំត្រូវ​ឈ្នះសង្គ្រាមជារៀង​រ​ហូ​​ត តាម​រយៈ​​នៃប​ញ្ជា​​ការម្នា​ក់​នេះ រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី។ អ្នកដែលមក​នៅ​ជា​មួ​យ ហ៊ុន សែនហើយ មានតិចណាស់ដែលបានចាកចេញត្រឡប់ទៅវិញនោះ ដូច្នេះ​បញ្ហា​នេះ​ អ្នកណានិយាយអ្វី និ​យា​យ​ទៅ មិនមែនខ្ញុំអោបក្រសោបមន្ត្រីដែលធ្វើការមិនកើត ហើយ​សុ​ខ​ភាពទ្រុឌទ្រោមនូវតែបន្ត​ប្រើទេ ហើយបញ្ហាមិនស្ថិតនៅត្រង់ដូរមនុស្សទេ បញ្ហាវាស្ថិតនៅ​ត្រង់​​ថា ជំរុញមនុស្សដដែលហ្នឹងឱ្យចេះធ្វើកិច្ចការ ព្រោះពិសោធន៍របស់ខ្ញុំ គឺថា ដួល​នៅកន្លែង​ណា​ឱ្យ​ងើបឈរនៅកន្លែងហ្នឹងវិញ។ ដូច្នេះខ្ញុំទុកឱ្យរដ្ឋមន្ត្រីនានា កាងារដែលល្អហើយត្រូវធ្វើ​ឱ្យ​​កាន់​តែ​ល្អថែមទៀត ឯការងារដែលមិនទាន់ល្អ ត្រូវខិតខំធ្វើឱ្យល្អនៅក្នុងអាណត្តិថ្មីនេះ។

សម្ដេចសង្កត់ធ្ងន់ថា ពិតហើ​យ​យើងមិនត្រូវគិតថាគ្មានការកែសម្រួលរាជរដ្ឋាភិបាល​នៅពេ​ល​ខា​ង​មុខនោះទេ ប៉ុន្តែនៅពេលណាដែលយើងឃើញថា មានការចាំបាច់ដើម្បីនឹងធ្វើ ការ​កែ​ស​ម្រួ​ល​នៅពាក់កណ្ដាលអា​ណ​ត្តិ ឬ​ក្នុងពេលវេលាសមស្របណាមួយនោះ​ចាំបាច់ត្រូវតែធ្វើការ​កែ​សម្រួល ដើម្បីធានាថា យើងនឹងបន្តដំណើរក្នុងស្ថានភាពដែលខ្លាំង និងគ្មានការ​ចុះ​ខ្សោ​យ​៕

ដោយ ជឹម ណារី