អាមេរិកដាក់ទណ្ឌកម្ម បុគ្គលនិងក្រុមហ៊ុនដែលគាំទ្រប្រទេសស៊ីរី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ិនហួរ (០៧.០៩.១៨)

អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសអាមេរិកបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុទៅលើបុគ្គលចំនួន ៤ រូបនិងក្រុមហ៊ុនចំនួន ៥ ដោយចោទប្រកាន់ថាបានសម្របសម្រួលការផ្លាស់ផ្តូរអាវុធឬការឧបត្ថម្ភប្រេងឥន្ធនៈ
និងបានគាំទ្រផ្នែកហិរញ្ញវត្ថុព្រមទាំងសម្ភារៈផ្សេងៗទៀតដល់រដ្ឋាភិបាលរបស់លោកអាសាដក្នុងប្រទេសស៊ីរី។

យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសអាមេរិកបានឱ្យដឹងថាបុគ្គលដែលត្រូវបានដាក់ទណ្ឌកម្មនោះគឺមានជនជាតិស៊ីរីនិងលីបង់ហើយព្រមទាំងក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសស៊ីរី
លីបង់និងអារ៉ាប់រួម។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបាននិយាយថាគោលដៅដែលត្រូវជាប់ទណ្ឌកម្ម គឺជាក្រុមដែលបានចូលរួមនៅក្នុងប្រតិបត្តិការជាមួយរដ្ឋាភិបាលលោកអាសាដ និងជាមួយក្រុមអាយស៊ីស។

រាល់ទ្រព្យសម្បត្តិរបស់បុគ្គលនិងក្រុមហ៊ុនដែលជាប់ទណ្ឌកម្មទាំងអស់នឹងត្រូវបង្កកទុកហើយពលរដ្ឋនិងក្រុមហ៊ុនអាមេរិកទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងប្រតិបត្តិការជាមួយពួកគេទេ។