ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ដែលជាស្ពានអាកាសទី៧ និងចេញរូបរាងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីដោះស្រាយផលប៉ះពាល់រួច

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ចន ណារិទ្ធ៖

រាជធានីភ្នំពេញ៖ មន្ត្រីជុំនាញ រដ្ឋបាលរាជធានីភ្នំពេញបានអះអាងថា គម្រោងសាងសង់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ ដែលជាស្ពានទី៧ រដ្ឋបាលរាជធានីភ្នំពេញបានសិក្សារួចហើយ គឺនៅរង់ចាំតែការដោះស្រាយផលប៉ះពាល់ជាមួយស្ថានីយ៏លក់សាំងសូគីម៉ិច និងប្រជាពលរដ្ឋមួយចំនួនប៉ុណ្ណោះ នឹងចាប់ផ្តើមបើកការរដ្ឋានភ្លាម ហើយនៅពេលសាងសង់រួច តំបន់ច្រមុះជ្រូកក្បាលគឺអាចដោះស្រាយការកកស្ទះ បានទាំងស្រុង ដូចនៅតំបន់ស្ពានអាកាសស្ទឹងមានជ័យតែម្តង ។

រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពង់ត្រៀមរៀបចំសាងសង់ស្ពានអាកាសថ្មី មួយកន្លែងទៀតនៅច្រមុះជ្រូកក្បាលថ្នល់ត្រង់ចំណុចប្រសព្វផ្លូវ៦០ម៉ែត្រ ផ្លូវព្រះមុនីវង្សនិងផ្លូវ២៧១ ជាប់ព្រំប្រទល់រខណ្ឌមានជ័យនិងខណ្ឌចំការមន ឬក្បែរស្ពានអាកាសក្បាលថ្នល់ ។គម្រោងនេះត្រូវបានអាជ្ញាធររាជធានីភ្នំពេញលើកឡើងនៅក្នុងកិច្ចប្រជុំដោះស្រាយផលប៉ះពាល់ការសាងសង់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ កាលពីដើមសប្តាហ៏កន្លងមកនេះ ។

លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដែលដឹកនាំកិច្ចប្រជុំនោះ បានធ្វើការណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញត្រូវយកចិត្តទុកដាក់ជុំរុញផែនការដោះស្រាយផលប៉ះពាល់ឲ្យបានលឿន ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងនេះ ឈានដល់ការបើកការដ្ឋានឆាប់ៗ ដើម្បីកាត់បន្ថយឲ្យបាននូវការកកស្ទះចរាចរដែលជាបញ្ហាប្រឈមរាល់ថ្ងៃនោះ ។

សូមរំលឹកថា បច្ចុប្បន្ន រាជធានីភ្នំពេញមានស្ពានអាកាសចំនួន៦ កន្លែង គឺស្ពានអាកាស ក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ និងស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់ដែលរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពង់ជុំរុញផែនការដោះស្រាយផលប៉ះពាល់ ដើម្បីឈានទៅដល់ការសាងសង់នៅពេលឆាប់ៗនេះ ៕