សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រែប្រួលអាកាសធាតុសម្រាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ជំហានទី២

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ — ក្រសួងព័ត៌មានបានរៀបចំបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការប្រែប្រួល អាកាសធាតុសម្រាប់អ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ជំហានទី២ មានសិក្ខាកាមមកពីបណ្ដាមន្ទីរព័ត៌មានចំនួន ២៤ខេត្ត នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីលោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងលោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា ការរៀបចំឱ្យ មានសិក្ខាសាលានៅខេត្តព្រះសីហនុ ដើម្បីបញ្ជ្រាបឱ្យអ្នកយកព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ ឱ្យកាន់តែជ្រួតជ្រាបពីការប្រែប្រួលអាកាសធាតុ ដើម្បីកាន់តែមាន មូលដ្ឋានក្នុងការផ្សព្វផ្សយជូនប្រជាពលរដ្ឋតាមដានស្តាប់ និងទស្សនានៅគ្រប់ដំណាក់កាល។ សព្វថ្ងៃយើងកំពុងប្រឈមនឹងបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុគួរឱ្យព្រួយ បារម្ភនៅគ្រប់តំបន់ និងពិភពលោកមានកើតឡើងនូវបញ្ហាជាបន្តបន្ទាប់ ដូចជាការកើនឡើងនូវកំដៅភពផែនដី គ្រោះរាំងស្ងួត ទឹកជំនន់ ការបាត់បង់ព្រៃឈើ ជីវចម្រុះ កង្វះទឹកស្អាត និងថាមពល បញ្ហាជំងឺឆ្លង និងសន្តិសុខស្បៀង ។ល។ បានជះឥទ្ធិពលទៅលើ ជីវភាពរស់នៅ និងសុខុមាលភាពមនុស្សការអភិវឌ្ឍ ប្រកបដោយចីរភាព និងធ្វើឱ្យអន់ថយខាងផ្នែកសេដ្ឋកិច្ច។

ដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ មានតែយើងទាំងអស់គ្នាចាប់ផ្ដើម យកចិត្តទុកដាក់ថែរក្សាភពផែនដីធ្វើយ៉ាងណាលើកកម្ពស់នូវកិច្ចគាំពារបរិស្ថានការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងអភិវឌ្ឍន៍ដោយចីរភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលជាឧបករណ៍ទំនើបអាចផ្ដល់ព័ត៌មានពីផលប៉ះពាល់ សំដៅរួមចំណែកកាត់បន្ថយ នូវហានិភ័យដែលកើតឡើងដោយយថាហេតុ។

ឯកឧត្តមបណ្ឌិត ភាវ សុវុទ្ធី អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាពមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពាំនាំនូវព្រឹត្តិការណ៍សំខាន់អំពីស្ថានភាពអាកាសធាតុនៅកម្ពុជា ថ្នាក់តំបន់ និងជុំវិញពិភពលោក ដែលបង្កផលប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ សេដ្ឋកិច្ចសង្គម សន្តិសុខ និងការអភិវឌ្ឍជាតិ ដើម្បីឱ្យប្រជាពលរដ្ឋជ្រាប បង្ការ និងទប់ស្កាត់ហានិ ភ័យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។

លោកជំទាវ ច័ន្ទ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍បើកសិក្ខាសាលា ដោយគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អនុវត្តន៍ផែនការយុទ្ធសាស្ត្រ ឆ្លើយតបនិងការប្រែ ប្រួលអាកាសធាតុ២០១៤-២០២៣ ក្នុងផែនការអភិវឌ្ឍយុទ្ធសាស្ត្រថ្នាក់ជាតិ។ ក្រសួងព័ត៌មាន កំពុងអនុវត្តន៍គម្រោងពង្រឹង និងកសាងសមត្ថភាព ស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈប្រព័ន្ធផ្សព្វផ្សាយរយៈពេលពីរឆ្នាំ ២០១៧-២០១៨ ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកក្រសួងព័ត៌មាន និងការផ្សព្វផ្សាយលើបញ្ហា ប្រែប្រួលអាកាសធាតុ ក្នុងការផលិតកម្មវិធីដែលមានគុណភាព ស្ដីពីការសម្របខ្លួន និងការកាត់បន្ថយហានិភ័យទៅកាន់ប្រជាពលរដ្ឋ ដែលមានធាតុផ្សំចំនួន២ គឺការអភិវឌ្ឍធនធានមនុស្ស និងលើកស្ទួយសមត្ថភាព ស្តីពីការប្រែប្រួលអាកាស ធាតុក្នុងវិស័យ ព័តមាន, និងការផលិតកម្មវិធី ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា។

លោកជំទាវបានបន្តថា គម្រោងក្រសួងព័ត៌មាន កំពុងអនុវត្តន៍និងជួយអភិវឌ្ឍន៍ធន ធានមនុស្សក្នុងវិស័យព័ត៌ មានលើការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មាន ស្ដីពីការប្រែប្រួល អាកាសធាតុ តាមរយៈការផលិតកម្មវិធីវិទ្យុ ទូរទស្សន៍ កម្មវិធីកិច្ចពិភាក្សា បទយកការណ៍ និងស្ពតអប់រំទាក់ទងការលើកកម្ពស់ការយល់ដឹងការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើឱ្យការងារ ផ្សព្វផ្សាយផ្ទាល់បានលទ្ធផលល្អ គឺមិនអាចខ្វះបានពីការកសាងធនធានមនុស្ស ជាចម្បងបានឡើយ។ កម្មវិធី ស្តីពីបញ្ហានៃការប្រែប្រួលអាកាសធាតុដែលបាន ផ្សព្វផ្សាយតាមរយៈទូរទស្សន៍ វិទ្យុអាចប៉ាន់ស្មានថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៨៥ភាគរយ មានឱកាសទទួលបានពត៌មាន និងចំណេះដឹង ស្តីពីបញ្ហានៃការប្រែប្រួលអាកាសធាតុ ដើម្បីធ្វើឱ្យការងារផ្សព្វផ្សាយទទួលបានលទ្ធផលល្អ។

លោកជំទាវបន្តថា សិក្ខាសាលាបណ្ដុះបណ្ដាល និងផ្សព្វផ្សាយ ស្ដីពីការប្រែប្រួល អាកាសធាតុ សម្រាប់អ្នកសារព័ត៌មាន អ្នកនិពន្ធ ពិធីករ ពិធីការិនី វិទ្យុ ទូរទស្សន៍ កាសែត ក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលាបានចំនួន៣លើករួចមកហើយ គឺនៅរាជធានីភ្នំពេញ ២លើក និងខេត្តបាត់ដំបង១លើក៕

ដោយ ងូ សុមុនី