សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវចែកអំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ នៅស្រុកបូរីជលសារ

AKP តាកែវ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ –កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរិទឹ្ធស័ក ព. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានរៀបចំពិធីចែកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដល់ក្រុម គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ហើយកំពុងតែជួបបញ្ហាខ្វះខាតលើជីវភាពប្រមាណ៦០គ្រួសារ។ ពិធីនេះមានការអញ្ជើញចូលរួម ពីឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ លោកជំទាវ នូ សុវណ្ណនី ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមនឹងមន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវជាច្រើនរូបទៀត។

ឯកឧត្តម អ៊ូច ភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក ក្រីក្រ មានជំងឺ ជាពិសេសចំពោះបងប្អូនដែលរងគ្រោះដោយទឺកជំនន់ ដែលសម្តេចកិត្តិព្រឺទ្ធបណ្ឌិត បានបញ្ជាឱ្យ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ នាំយកអំណោយមនុស្សធម៌មកចែកជូនបងប្អូន ឱ្យបានទាន់ពេលវេលា ដើម្បីជួយសម្រួលនូវទុក្ខលំបាករបស់បងប្អូន។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្តថា រាល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ គឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែមានក្តីបារម្ភ ហើយជានិច្ចកាលសម្តេចទាំងពីរតែងតែចាត់មន្ត្រីឱ្យចុះសួរសុខទុក្ខបងប្អូន។ ដូចជាករណីបងប្អូនជួបនូវគ្រោះទឹកជំនន់នៅថ្ងៃនេះជាដើម គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចាត់ឱ្យមន្ត្រីកាកបាទក្រហមចុះយកអំណោយមកចែកជូនបងប្អូនឱ្យបានទាន់ពេលវេលា ហើយមិនត្រូវមានការរើសអើងជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីទាំងអស់។​និយាយជារួមប្រជាពលរដ្ឋដែលជួបការលំបាក គឺត្រូវតែចុះទៅជួយ  ឱ្យបានទាន់ពេលវេលា។

ឯកឧត្តម អ៊ូច ភា ក៏បានក្រើនរម្លឹកដល់អាជ្ញាធរស្រុកបូរីជលសារ បន្តតាមដាននិងយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនឱ្យានជាប់ជាប្រចាំ ជាពិសេសត្រូវត្រៀមបង្ការទុកជាមុន ហើយបើមានទឹកជំនន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋក្នុងកម្រិតមួយខ្លាំងត្រូវតែធ្វើការជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា។

អំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទាំង៦០គ្រួសារនៅពេលនេះ ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ ១២កំប៉ុង មុង០១ ភូយ០១ សារុង០១ និងក្រមា០១

ដោយ អ៊ុច សៀង