គណ:ប្រតិភូក្រសួងសន្តិសុខចិនជួបពិភាក្សាការងារជាមួយស្នងការនគរបាលខេត្តព្រះសីហនុ

AKP ​ព្រះសីហនុ​ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ –នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូ​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ដឹកនាំដោយលោក  Hu​ Bin​chenអគ្គ​នាយក​រង​ នៃ​អគ្គ​នាយកដ្ឋាន​កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ​ បាន​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ខេត្ត​ព្រះសីហនុ​ ព្រមទាំងបានចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃ​ស្នងការ​ដ្ឋាននគរបាលខេត្តព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម​ ឧត្តមសេនីយ៍​ទោ​ ជួន​ ​ណា​រិន្ទ​ ស្នងការនគរបាលខេត្ត​ព្រះសីហនុ ។ 
    

កិច្ច​ពិភាក្សា​បាន​ផ្តោត​លើការងារសំខាន់ៗមួយចំនួន​ ដើម្បី​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខចិន និងស្នការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបង្កើនការយោគយល់គ្នា ផ្លាស់ប្ដូរ​ព័ត៌មាន​រវាង​នគរបាល​ខេត្ត​ជាំង​ស៊ូ​ នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន​ និងស្នងការនគរបាលខេត្ត​ព្រះសីហនុ​ ។
   

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ជួន​ ណា​រិន្ទ​ បានសម្ដែងនូវការស្វាគមន៍ព្រម​ទាំង​បានជម្រាបជូនគណៈប្រតិភូអំពី​សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ: ក្នុង​ខេត្ត​ព្រះសីហនុ​ មាន​ភាព​ល្អ​ប្រសើរ​ មិន​មាន​អ្វី​កើត​ឡើង​គួរ​ឱ្យព្រួយបារម្ភនោះឡើយ ។ 
   

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ បានបន្តថា ចំពោះជនជាតិចិនមក​វិនិយោគ​ប្រកបរបររកស៊ី និង​ធ្វើ​ទេសចរ នៅខេត្តព្រះសីហនុ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ​ បានយកចិត្តទុកដាក់គិតគូរពីសន្តិសុខ សុវត្ថិភាព។ ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ មិន​ឱ្យមានការរើសអើងប្រកាន់​ពូជសាសន៍​ ពណ៌សម្បុរ ជន​ណា​ប្រព្រឹត្ត​ខុស​ច្បាប់​ ត្រូវ​ទទួល​ទោស​តាម​ផ្លូវច្បាប់​របស់ព្រះរាជាណាចក្រកម្ពុជាដូចប្រជាជនកម្ពុជាដែរ   
    

ឯកឧត្ដម Hu​ Bin​chenបានកោតសរសើរ​ចំពោះ​ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងការដឹកនាំអភិវឌ្ឍន៍ខេត្តមានការរីកចម្រើន និង​បានកោត​សរសើរ​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្ត​ព្រះសីហនុ​ ក្នុង​ការ​ការពារ​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរមកកាន់ខេត្តព្រះសីហនុកន្លងមកបានល្អប្រសើរ 
   

ឯកឧត្តម​ Hu Binchen បានអញ្ជើញថ្នាក់ដឹកនាំនគរបាលខេត្តព្រះសីហនុ ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ជាំ​ង​ស៊ូ​ ប្រទេស​ចិន​ នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ​ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ និង​បង្កើនការយោគយល់គ្នា ផ្លាស់ប្ដូរបច្ចេកទេស ចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុង​វិស័យព័ត៌មានវិទ្យារវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត និងបានទាន់ពេលវេលា ៕

ដោយ ងូ សមុនី