ការរៀបចំបង្កើតក្របខ័ណ្ឌការងារសម្រាប់អនុវត្តន៍ពិធីសារ ណាហ្គូយ៉ា ស្ដីពី ការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS)

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ចាន់ សុម៉ាលី អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញបើកសិក្ខាសាលាដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញសម្រាប់គម្រោង “ការរៀបចំបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តន៍ពិធីសារ ណាហ្គូយ៉ា ស្ដីពី ការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS)” ព្រមទាំងវត្តមានលោក Nick Beresford នាយកប្រចាំប្រទេសកម្ពុជានៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP), តំណាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតជាច្រើននាក់

នៅក្នុងឱកាសនោះ លោកជំទាវ ចាន់ សុម៉ាលី បានមានប្រសាសន៍ថា កម្ពុជាយើងត្រូវបានចាត់ទុកថា ជាប្រទេសមួយដែលសម្បូរដោយធនធានធម្មជាតិ និងធនធានជីវៈចម្រុះ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ហើយធនធានទាំងនេះ រួមជាមួយប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបបានដើរតួនាទីយ៉ាងសំខាន់ និងបានផ្ដល់នូវតម្លៃដ៏ធំធេង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ សម្រាប់ការលម្ហែកម្សាន្ត និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជាយើង។ ប៉ុន្តែផលប្រយោជន៍ដែលទទួលបានពីការប្រើប្រាស់ធនធានទាំងនោះ ពុំទាន់បានបែងចែកឱ្យមានលក្ខណៈស្មើភាព និង សមធម៌នៅឡើយ ដែលជាកត្តាជំរុញឱ្យមានការប្រើប្រាស់ធនធានពន្ធុដោយសេរី ហើយក៏ជាចំណែកមួយដែលធ្វើឱ្យមានផលប៉ះពាល់ទៅលើធនធានធម្មជាតិ និង ប្រព័ន្ធអេកូឡូស៊ី។

លោកជំទាវបានគូសបញ្ជាក់ថា បញ្ហានេះគឺបណ្តាលមកពីកត្តាសំខាន់ៗបី៖ (១) ពុំទាន់មានលិខិតបទដ្ឋានគតិយុត្ត (២) ពុំទាន់មានគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ ។ (៣) ពុំទាន់មានសមត្ថភាពគ្រប់គ្រាន់ និងថវិកានៅមានកម្រិតក្នុងការរៀបចំ និងអនុវត្តន៍នីតិវិធីនៃការបែងចែកផលប្រយោជន៍ពីការប្រើប្រាស់ធនធានពន្ធុឱ្យបានសមស្របនៅឡើយ។

ជាមួយគ្នានេះដែរ លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា ដោយមើលឃើញពីកង្វះខាត និងបញ្ហាខាងលើ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចូលជាសមាជិកនៃពិធីសារ ណាហ្គូយ៉ា ស្តីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ ពីធនធានពន្ធុនៅឆ្នាំ២០១៥ ហើយក៏ បានយកចិត្តទុកដាក់ជំរុញឱ្យមានការសិក្សាលទ្ធភាព ដើម្បីរៀបចំយុទ្ធសាស្រ្តក្របខណ្ឌជាតិ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា និងពង្រឹងសមត្ថភាពស្ថាប័នជំនាញ ដើម្បីអនុវត្តន៍ពិធីសារ ណាហ្គូយ៉ា ឱ្យមានប្រសិទ្ធភាពក្នុងនាមជាប្រទេសហត្ថលេខី។ ជាក់ស្តែងនៅក្នុងអាណត្តិទី៥ កន្លងមកនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់វិស័យបរិស្ថាន ដោយបានបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដែលជាស្ថាប័នទទួលបន្ទុកសម្របសម្រួលរៀបចំគោលនយោបាយយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះការគ្រប់គ្រងធនធានធម្មជាតិ និងធនធានពន្ធុ ជាអាទិភាពមួយក្នុងចំណោមអាទិភាពដទៃទៀតជាក់ស្តែងការរៀបចំគម្រោងបង្កើតក្របខណ្ឌការងារសម្រាប់អនុវត្តន៍ពិធីសារ ណាហ្គូយ៉ា ស្ដីពីការប្រើប្រាស់ និងការបែងចែកផលប្រយោជន៍ពីធនធានពន្ធុ (ABS) គឺជាការឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិសង្គម ការអភិវឌ្ឍដោយចីរភាព ក៏ដូចជាការកាត់បន្ថយភាពក្រីក្រ ហើយក៏ដូចជា ការលើកចិត្តមួយឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋានជនជាតិដើមភាគតិច ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងប្រពន្ធអេកូឡូស៊ី។

សូមបញ្ជាក់ថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្តើមដំណើរការរៀបចំឯកសារគម្រោងស្នើសុំពេញលេញ និងពិភាក្សាផ្លាស់ប្ដូរយោបល់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូជាតិ និងអន្តរជាតិនានា សម្រាប់ជាធាតុចូលក្នុងការរៀបចំឯកសារគម្រោងខាងលើទៅតាមគោលដៅអាទិភាព និងឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី