ការសាកល្បងលើការបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុសម្រាប់មធ្យមសិក្សាបឋមភូមិ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ –ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានអប់រំបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន បានសហការជាមួយនាយកដ្ឋានកម្មវិធីសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា រៀបចំការសាកល្បង (Pre-test teaching material) លើ«ការបង្រៀន និងរៀនមុខវិជ្ជាប្រែប្រួលអាកាសធាតុ សម្រាប់មធ្យមសិក្សាបឋមភូមិ កម្រិតថ្នាក់ទី៧ ទី៨ និងទី» នៅអនុវិទ្យាល័យចតុម្មុខ ក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោកជំទាវ ងិន លីណា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងមានការចូលរួមពីមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ មកពីអនុវិទ្យាល័យចំនួន៥ និងសិស្សានុសិស្សជាច្រើនាក់ផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវ ងិន លីណា បានឱ្យដឹងថា គោលបំណងនៃកម្មវិធីនេះ គឺដើម្បីឆ្លុះបញ្ចាំងលើខ្លឹមសារមេរៀន ភាពលំបាក និងងាយស្រួលនៃមេរៀន ពាក្យបច្ចេកទេស និងវិធីសាស្រ្តដែលផ្តោតសំខាន់មេរៀនទាំងឡាយណាបានដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាទាក់ទងនឹងវិស័យបរិស្ថាន ជាពិសេសកម្មវិធីសិក្សាពីការប្រែប្រួលអាកាសធាតុ។

ជាមួយគ្នានេះដែរ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថានបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដាក់បញ្ចូលមេរៀន ក៏ដូចជាខ្លឹមសារទាក់ទងនឹងបរិស្ថាន ធ្វើយ៉ាងណាដើម្បីបញ្រ្ជាបដល់ប្អូនសិស្សានុសិស្សបានដឹង និងចូលរួមនៅក្នុងកិច្ចគាំពារបរិស្ថាន តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ឧត្តមសិក្សាផងដែរក្នុងពេលកន្លងមក។

ទន្ទឹមនឹងនេះ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា មុខវិជ្ជាប្រែប្រួលអាកាសធាតុ សម្រាប់មធ្យមសិក្សាបឋមភូមិ កម្រិតថ្នាក់ទី៧ ទី៨ និងទី៩ ត្រូវបានរៀបចំចងក្រងជាសៀវភៅមេរៀនគោលចំនួន៥មេរៀន និងផលិតឧបទេសសិក្សាផ្ទាំងរូបភាព អមជាមួយដោយក្រុមការងារនៃនាយកដ្ឋានជំនាញក្រសួងទាំងពីរ នឹងត្រូវប្រើប្រាស់ជាមេរៀនបញ្ចូលទៅក្នុងកម្មវិធីសិក្សាមធ្យមសិក្សាបឋមភូមិ នាពេលខាងមុខនេះ៕

ដោយ ទេស ច័ន្ទសុធារី