សមត្ថកិច្ចចម្រុះខេត្ដកំពង់ឆ្នាំង ធ្វើការអប់រំផ្សព្វផ្សាយស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក និងការកែច្នៃរថយន្តខុសបច្ចេកទេស

AKP កំពង់ឆ្នាំង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ –កងកម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង បាននិងកំពុងបង្កើនកិច្ចសហការគ្នា បន្តធ្វើការចុះត្រួតពិនិត្យ អប់រំ ផ្សព្វផ្សា អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងរថយន្តកែច្នៃដែលមានលក្ខណៈខុសបច្ចេកទេស ព្រមទាំងបានធ្វើ ការអប់រំណែនាំដល់អ្នកបើកបរ ព្រមទាំងម្ចាស់រថយន្តនៅនឹងកន្លែងកែច្នៃរថយន្ត ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប។

ការចុះត្រួតពិនិត្យនេះបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំ សំរឹទ្ធិស័ក ព.ស២៥៦ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកវរសេនីយ៍ ឆាយ ខេមរ័ត្ន អធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីមន្ត្រីនគរបាល សមត្ថកិច្ចពាក់ព័ន្ធ និងម្ចាស់យានយន្តជាច្រើននាទៀត 

លោកអធិការក្រុងកំពង់ឆ្នាំងបានផ្តាំផ្ញើដល់ម្ចាស់រថយន្តមុនចេញដំណើរត្រូវពិនិត្យលើបច្ចេកទេសរបស់រថយន្ត ឯកសារ និងបើកបរមិនស្ថិតក្នុងស្ថានភាពស្រវឹង,មិនត្រូវសេពសាធាតុញៀន ត្រូវមានប័ណ្ណបើកបរ មិនត្រូវបើកហួសល្បឿនកំណត់,ត្រូវគ្របតងកៅស៊ូមិនត្រូវ  ឱ្យដីហុយ ឫជ្រុះដី ថ្ម នៅលើដងផ្លូវឡើយ។

លោក ឆាយ ខេមរ័ត្ន បានឱ្យដឹងទៀតថា  ការចុះត្រួតពិនិត្យនេះ មានកិច្ចសហការគ្នាយ៉ាងសកម្មរវាង មន្ត្រីសាធារណការ និងដឹកជញ្ជូនខេត្តជាមួយកងកម្លាំងនគរបាលចរាចរផ្លូវគោក និង កងកម្លាំរាជអាវុធហត្ថខេត្ត កម្លាំងចម្រុះ បានឃាត់រថយន្តធុនធំ និងធុនតូចជាច្រើនគ្រឿង ដោយបានរកឃើញថា មានលក្ខណៈកែច្នៃខុសបច្ចេកទេស ដែលបណ្ដាលឱ្យមានផលប៉ះពាល់ក្នុងការធ្វើចរាចរណ៍លើទ្រូងផ្លូវ ។

លោកបានបញ្ជាក់ថា រថយន្តធំនីមួយៗត្រូវមានទទឹង៣ម៉ែត្រ បណ្តោយមិនត្រូវលើសពី១២.២ម៉ែត្រ នោះឡើយ ចំណែករថយន្តសណ្តោងរ៉ឺម៉ក និងរថយន្តក្រុងបត់ចង្កេះ ត្រូវមានប្រវែងបណ្តោយមិនលើស ពី១៦ ទៅ១៨ម៉ែត្រ។ លោកបន្តថា មន្ត្រីជំនាញក៏បានធ្វើការអប់រំណែនាំបន្ថែមដល់អ្នកបើកបររថយន្ត ត្រូវរៀបចំរថយន្តរបស់ខ្លួនឱ្យមានលក្ខណៈស្របទៅតាមច្បាប់កំណត់ឡើងវិញ ពិសេសក្នុងពេលបើកបរចាំបាច់ត្រូវតែគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

លោកបានលើកឡើងទៀតថា ចំពោះរោងជាងដែលធ្វើការកែច្នៃរថយន្តក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ មន្ទីរបានធ្វើការណែនាំផ្សព្វផ្សាយនៅគ្រប់រោងជាង ហើយក្រៅពីនេះមន្ត្រីជំនាញក៏បានចុះទៅដល់ផ្ទះម្ចាស់យានយន្តធំៗមួយចំនួននៅក្នុងខេត្ត និងបានណែនាំដល់ពួកគាត់ឱ្យយល់ពីការកែច្នៃរថយន្តនេះ

លោក ឆាយ ខេមរ័ត្ន ក៏បានធ្វើការព្រមានដល់ម្ចាស់រោងជាងណានៅតែបន្តការកែច្នៃរថយន្តមានលក្ខណៈខុសបច្ចេកទេស ដោយមិនស្តាប់ការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល នោះ អាជ្ញាធរខេត្តរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធ នឹងបិទទីតាំងរោងជាងនោះតែម្តង

លោកបានបញ្ជាក់ទៀតថា ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍និងបញ្ហាគ្រឿងញៀន អ្នកបើកបរទាំងអស់និងប្រជាពលរដ្ឋ ត្រូវចូលរួមសហការដើម្បីទប់ស្កាត់នូវគ្រោះថ្នាក់ ឱ្យមានការថយចុះនៅក្នុងខេត្តកំពង់ឆ្នាំង ក៏ដូចជានៅទូទាំងប្រទេសផងដែរ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការកើនឡើងបណ្តាលឱ្យមានការបាត់បង់អាយុជីវិត ខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក

ដោយ បៃ ស៊ីថុន