លោកជំទាវ​ ម៉ែន​ នារីសោភ័គ ចុះចែកអំណោយជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ចំនួន​ ៧៥៥គ្រួសារ​ នៅស្រុកថ្ពង​ និងស្រុកឱរ៉ាល់​

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ និងឯកឧត្តម​ វ៉ី​ សំណាង​ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​ រួមដំណើរដោយគណៈ​ប្រតិភូចិន​តំណាងឱ្យ​សាខាកាកបាទក្រហមចិន​ ខេត្តក្វាងស៊ី ចុះសួរសុខទុក្ខ​ និងចែកអំណោយដោយ ផ្ទាល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ ដែលប្រឈមនឹងជំងឺគ្រុនចាញ់​-គ្រុនឈាម ចំនួន​៧៥៥គ្រួសារ​ ដែលរស់នៅស្រុកថ្ពង​ និងស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥​ ខែកញ្ញា​ ឆ្នាំ២០១៨។​

ក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់កាកបាទក្រហមកម្ពុជា បា​ន​សរសេរថា ពិធីនេះរៀបចំឡើងនៅទីតាំង​ពីរកន្លែងផ្សេងគ្នាគឺ​ ទីតាំងទី១​ នៅវត្តជ្រាវ ឃុំអមលាំង ស្រុកថ្ពង ដែលមានប្រជាពលរដ្ឋ​ទទួលអំណោយចំនួន៤២៣គ្រួសារ​ និងទីតាំងទី២​ នៅសាលាបឋម សិក្សាល្ងឹម ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ មានប្រជាពលរដ្ឋ​ ៣៣២គ្រួសារ។

លោកជំទាវ ម៉ែន​ នារីសោភ័គ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ​ និងសារអំពាវ នាវ របស់​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារថា សូមបងប្អូនត្រូវយកចិត្តទុកដាក់​ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ ដោយ បរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច​ និងសូមសម្អាតបរិស្ថានឱ្យបានស្អាតបំបាត់ទឹកដក់ សំរាមស្អុយរលួយ ចៀសវាងការកើតជំងឺគ្រុនចាញ់​ គ្រុនឈាម និងជំងឺឆ្លងផ្សេងៗ។ លោកជំទាវបន្តថា ចំពោះអ្នកមានបញ្ហាសុខភាព​ ឬស្រ្តីមានផ្ទៃពោះ​ ត្រូវត្រៀមខ្លួនរកកន្លែង ជិតមណ្ឌលសុខភាព​ដើម្បី ព្យាបាល​ឬសម្រាលកូនបាន​ទាន់ពេលវេលា។​
ឆ្លៀតក្នុងឱកាសនោះ​ដែរ លោកជំទាវ ម៉ែន​ នារីសោភ័គ បានធ្វើការអំពាវនាវដល់ប្រជា ពលរដ្ឋទាំងអស់​ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍​ និងប្រុងប្រយ័ត្នជានិច្ចរាល់ ពេលធ្វើ ដំណើរ។

ជាមួយគ្នានេះ តាមរយៈលោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១ ​ប្រជា ពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរសុខទុក្ខ​ប្រជាពលរដ្ឋ ពេលដែលមានទុក្ខលំបាកដោយមិនរើសអើង​ ជាតិសាសន៍ វណ្ណៈ​ ពណ៌សម្បុរ​ ឬប្រកាន់និន្នាការនយោបាយឡើយ។
សូមបញ្ជាក់ថា អំណោយដែលយកទៅចែកជូននាពេលនោះ ដោយក្នុងគ្រួសារនីមួយៗ ទទួលបាន​ ​ មុងសុវត្ថិភាព​១​ អាវយ៉ឺត​១​ និងថវិកាសម្រាប់ការធ្វើដំណើរ (មុងជាអំណោយសាខាកាក បាទក្រហមចិន​ ខេត្តក្វាងស៊ី)។ ដោយឡែក​សម្រាប់លោក​យាយ​ លោកតាចំនួន​ ២៥នាក់​ ក្នុងម្នាក់ៗទទួលបាន​បន្ថែម​នូវ​ ខោ​ ឬសំពត់សឹង​១ និងអាវ​ ឬអាវប៉ាក់​១​ និងថវិកាចំនួន​ ១ម៉ឺនរៀល​ ជាអំណោយរបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សម្រាប់ក្នុងឱកាស​ពិធីបុណ្យកាន់បិណ្ឌ​ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ៕

ដោយ សាយ សុន