អភិបាលខេត្តកំពត៖ នៅឆ្នាំ២០១៩ខាងមុខ មន្ត្រីរាជការក្នុងរដ្ឋបាលខេត្តទាំងអស់ នឹងមានប្រាក់ឧបត្ថម្ភ១០០ដុល្លារ បន្ថែមលើប្រាក់បៀវត្សរ៍

AKP កំពត ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីរាជការក្នុងរដ្ឋបាលខេត្តកំពតទាំងអស់ នឹងត្រូវបានឧបត្ថម្ភថវិកាពីរដ្ឋបាលខេត្ត ចំនួន១០០ដុល្លារក្នុងមួយខែបន្ថែមលើប្រាក់បៀវត្សរ៍ និងប្រាក់លើកទឹកចិត្តនៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ។

នេះជាការលើកឡើងរបស់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការចំនួនប្រមាណ២០០នាក់ នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងសាលប្រជុំសាលាខេត្តកំពត។

ឯកឧត្តមអភិបាលខេត្តកំពតបានបញ្ជាក់ទៀតថា ការដឹកនាំរបស់ឯកឧត្តម គឺផ្អែក តាមរបៀបយន្តការ គឺមិនមែនជាការដឹកនាំរបៀបចង្អុលនោះទេ។ ពាក្យថាយន្តការត្រូវ រៀបចំសេចក្តីសម្រេចអនុវត្តន៍ការងារនីមួយៗហើយរាយការណ៍ជូនអង្គប្រជុំនូវអ្វី ដែលអនុវត្តន៍បានឬមិនបាន។ ឯកឧត្តមបន្តថា វិធីដឹកនាំតាមយន្តការ មានគោលការណ៍ច្បាស់លាស់ គឺដឹកនាំត្រូវតែមានកិច្ចប្រជុំ រាយការណ៍ និងសុំយោបល់ ចឹងទេបើយើងមិនមានការដឹកនាំជាយន្តការ មិនមានប្រជុំមិនមានសុំយោបល់ តើការអនុវត្តមានប្រសិទ្ធភាពដែរឬទេ?តាមពិតការងារគ្មានប្រសិទ្ធភាពនោះទេ ព្រោះអ្នកធ្វើចេះតែធ្វើទៅ ឯលទ្ធផលមិនអាចទទួលបានជោគជ័យឡើយ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងអំពីការពង្រឹងយន្តការ ការងារ ដឹកនាំនៃមន្ត្រីរាជការក្នុងរដ្ឋបាលបាលខេត្តកំពត ហើយឯកឧត្តម ក៏នឹងជួបប្រជុំជា មួយមន្ត្រីក្នុងសាលាខេត្តរាល់១៥ថ្ងៃម្តង ដើម្បីក្តាប់នូវការអនុវត្តការងារផ្សេងៗ តាមមុខជំនាញ និងតាមផែននីមួយៗ តើអនុវត្តន៍បានអី្វខ្លះហើយ។

ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមអភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកា ដល់មន្ត្រីរាជការក្នុងសាលាខេត្តកំពត ទាំងក្របខ័ណ្ឌ ទាំងមន្ត្រីជាប់កិច្ចសន្យា ប្រមាណ ជិត២០០នាក់​ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន២០ម៉ឺនរៀល សម្រាប់រៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ៕

ដោយ ប្រាក់ លាង