សម្ដេចតេជោ គូសបញ្ជាក់អំពីការធានាបួនយ៉ាងរបស់រាជរដ្ឋាភិបាល សម្រាប់ដំណើរទៅមុខរបស់កម្ពុជាក្នុងនីតិកាលទី៦

AKP ភ្នំពេញ​ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាធ្វើ​ការ​គូស​បញ្ជា​ក់ អំពីការធានាបួនយ៉ាងរបស់រាជរដ្ឋាភិបាល ជូនដល់បងប្អូនជនរួមជាតិទាំអស់តាម​រយៈ​ការអនុវត្តកម្មវិធីនយោបាយសម្រាប់ដំណើរទៅមុខរបស់កម្ពុជា ក្នុងនីតិកាលទី៦នៃរដ្ឋស​ភា​។

បន្ទាប់ពីការបោះឆ្នោតជាកញ្ចប់ផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា សម្រាប់សមាសភាពរា​ជរ​ដ្ឋា​ភិបាល​អាណត្តិទី៦ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ដោ​យមានសំឡេងគាំ​ទ្រ​ពី​សមាជិកសមាជិការដ្ឋសភាចំនួន១២៥រូបនោះ សម្ដេចតេជោ នាយក​រដ្ឋ​មន្ត្រីថ្លែងថា ការធានាបួនយ៉ាងនោះរួមមាន៖

ទីមួយៈ ការធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ ឃុំ សម្រាប់ ការរស់នៅដោយសុខក្សេមក្សាន្តរបស់ប្រជា ជននៅ​គ្រ​ប់​ទិសទីក្នុងផ្ទៃប្រទេស ព្រមទាំងការ ការពារឯករាជ្យ អធិបតេយ្យ និងបូរណ ភាពទឹកដី មិន​ឱ្យ​កម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។

ទីពីរៈ ការធានាបន្ត ជំរុញ​អភិវឌ្ឍ​សេ​ដ្ឋ​កិ​ច្ច​សង្គមក្នុងគ្រប់វិស័យ ដោយផ្ដោតអាទិភាព ទៅលើការកែទម្រង់ អភិបាលកិច្ច សំដៅ​ពង្រឹ​ង​ស្ថា​ប័នសាធារណៈ និងកសាងរដ្ឋបាល ស្អាតស្អំ ព្រមទាំងការបង្កើន ប្រសិទ្ធភាព និងលើកក​ម្ព​ស់​​គុណភាពសេវាសាធារណៈ ការពង្រឹងបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ដែលមានស្ថិរភាពរឹងមាំ ធន​និ​ង​វិបត្តិ និងទ្រទ្រង់ដោយកំណើនខ្ពស់ប្រកបដោយចីរភាព បរិយាប័ន្ននិងសមធម៌។​ ការបន្ត​ផ្ដ​ល់​​អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស ការលើកកម្ពស់ និងការបង្កើនការ​វិនិ​យោ​គ ទាំងការវិនិយោគសាធារណៈ ទាំងការវិនិយោគ ឯកជន លើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ​ចាំ​បាច់​​នានាទាំងផ្នែករឹង ទាំងផ្នែកទន់ ដើម្បីបង្កើត ភាពទាក់ទាញ និងគាំទ្រដល់សកម្មភាព​សេដ្ឋ​កិ​ច្ច ក៏ដូចជា បម្រើដល់សេចក្ដីត្រូវការគ្រប់ ផ្នែករបស់ប្រជាជន។ ការពង្រឹងបរិយាប័ន្នហិរញ្ញវត្ថុ ពិ​សេសការផ្ដល់សេវាហិរញ្ញវត្ថុខ្នាតតូច និងមធ្យម ព្រមទាំងសេវាឥណទានជនបទ សម្រាប់​ស​ហ​គ្រាសធុនតូច និងធនមធ្យម និងសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប ក្នុងអត្រា​ការ​ប្រាក់​ទាបសមរម្យ។ល។

ទីបីៈ ការធានាបន្តជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់​ប្រ​ជា​ជ​ន​ តាមរយៈការ ផ្ដល់ជូនដល់ ស្រទាប់យុវជននូវការអប់រំ និងការបណ្ដុះបណ្ដាលជំនាញ​វិជ្ជា​ជី​វៈ​ប្រ​កបដោយគុណភាព ព្រមជាមួយឱកាសទទួលបានការងារធ្វើ ការជួយកសិករក្នុងការពង្រីក​ផលិ​តកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ។ ការបន្តដំឡើងប្រាក់ឈ្នួល ប្រាក់​អត្ថ​ប្រយោជន៍ផ្សេងទៀត ព្រមជាមួយនិងការកែលម្អលក្ខខណ្ឌការងារ ជូនកម្មករនិយោជិត ការ​បន្តដំឡើងបៀវត្សរ៍ និងប្រាក់សោធននិវត្តន៍ជូនមន្ត្រី សាធារណៈគ្រប់ ប្រភេទ ព្រមទាំង​និវត្ត​ន៍​ជ​ន និងអតីតយុទ្ធជន ការពង្រីកបណ្ដាញផ្គត់ផ្គង់ និងការបញ្ចុះតម្លៃ អគ្គិសនី ក៏ដូចជាការខិតខំ​បញ្ចុះ​ថ្លៃទឹកស្អាត ពិសេសនៅតំបន់ជនបទ។ល។

ទីបួនៈ ការធានានូវសុវត្ថិភាពសង្គម និងលំ​នឹង​​ក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត តាមរយៈការ​អភិ​វ​ឌ្ឍ​ និងការពង្រឹងប្រព័ន្ធ គាំពារសង្គម និងរបបសន្តិសុខសង្គម ប្រកបដោយ ប្រសិទ្ធភាព និង​ចីរ​ភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ពិសេសអ្នកក្រីក្រ និងក្រុមជនងាយរងគ្រោះ ពីហានិ​ភ័​យនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ ទទួលរងគ្រោះ ដោយមិនមានការយកចិត្តទុក​ដា​ក់​​នោះឡើយ៕

ដោយ ជឹម ណារី