ណាហ្គាវើល ឧបត្ថម្ភទឹកប្រាក់ជាង២ម៉ឺនដុល្លារជូនដល់ម្ចាស់ មេដាយមាស កីឡាអាស៊ីទាំងពីររូប

AKP ភ្នំពេញ ថ្ងៃទី0៦ ខែកញ្ញា ឆ្នាំ២០១៨ — ណាហ្គាវើលដ៏បានជួយឧបត្ថម្ភនូវទឹកប្រាក់ជាង២ម៉ឺន ដុល្លារសហរដ្ឋអាមេរិក កាលពីល្ងាច ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៨ នៅអគារណាហ្គាវើលទី២ជូនដល់ម្ចាស់មេដាយមាសទាំងពីររូប ដែលដណ្តើមបានជ័យលាភីពីព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅប្រទេស ឥណ្ឌូណេស៊ី។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានចាត់ទុកថា ការជួយជ្រោមជ្រែងឧបត្ថម្ភលើកទឹកចិត្តរបស់ណាហ្គាវើល គឺជាការរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកស្ទួយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ក្នុងនាមជាដៃគូរបស់ NOCC។។ ឯកឧត្តមជឿជាក់ថា ណាហ្គាវើល នឹងបន្ដចូលរួមគាំទ្រ និងជួយឧបត្ថម្ភដល់វិស័យ កីឡាកម្ពុជាបន្ដទៀត ដើម្បីជួយជ្រោងវិស័យកីឡាជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយក្នុងព្រឹត្តិការណ៍កីឡាអន្ដរជាតិធំៗ នាពេល ខាងមុខ ក៏ដូចជារួមដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

លោក Pern Chen នាយកគ្រប់គ្រងណាហ្គាវើលបានបញ្ជាក់ថា លោកមានសេចក្តី រីករាយជាខ្លាំង ដែលបានទទួលស្វាគមន៍អត្តពលិកជ័យលាភីរបស់យើង ពីព្រឹត្តិការណ៍កីឡា ទ្វីបអាស៊ី ឆ្នាំ២០១៨។ មេដាយមាស២ និងមេដាយសំរឹទ្ធិ១គ្រឿង គឺជាលទ្ធផលដ៏ល្អប្រសើរ ដែលកម្ពុជាបានបំបែកឯតទគ្គកម្មក្នុងរយៈពេល៦៤ឆ្នាំនៃក្របខ័ណ្ឌកីឡាអាស៊ីនេះ។ លោកបានបន្ដថា ក្នុងនាមណាហ្គាវើល ដើម្បីអបអរសាទរដល់ជ័យជម្នះដ៏ធំធេងនេះ បាន ឧបត្ថម្ភថវិកាសរុបចំនួន ២៤.៥០០ដុល្លារជូនដល់ម្ចាស់មេដាយមាស និងម្ចាស់ មេដាយសំរឹទ្ធិ ម៉ូតូទឹក កីឡាករ សាលី អ៊ូមើត ចំនួន១៣.០០០ដុល្លារ និងម្ចាស់មេដាយមាស ជឺជីតស៊ូ កីឡាការិនី ខាន់ ចេសា ចំនួន១ម៉ឺនដុល្លារ និងប្រគល់ ជូនគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចំនួន១.៥០០ដុល្លារ តំណាងដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយ បេសកកម្មកីឡាអាស៊ីឆ្នាំ២០១៨។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំNOCC ក៏ដូចជាម្ចាស់មេដាយមាស​និងសំរឹទ្ធិទាំងពីររូបក៏បាន សម្តែងនូវការដឹងគុណជូនចំពោះ ណាហ្គាវើល ដែលបានផ្តល់ការលើកទឹកចិត្តតាមរយៈការ ឧបត្ថម្ភជាថវិកាដ៏ច្រើនបែបនេះ។

សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាបាន ប្រគល់ប្រាក់រង្វាន់ជ័យលាភីរបស់រាជរដ្ឋាភិបាលដល់ម្ចាស់ មេដាយរួមទាំងគ្រូបង្វឹករួចហើយ ដោយមេដាយមាសទទួលបាន ៨០លានរៀល និងសំរឹទ្ធិ ២៤លានរៀល ខណៈគ្រូបង្វឹកក៏ទទួលបានប្រាក់រង្វាន់ស្មើកូនសិស្ស ឈ្នះមេដាយខ្ពស់ ជាងគេ។ ក្រៅពីនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ក៏បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចទាំងពីរ ដោយមេដាយមាសទទួលបាន ១ម៉ឺនដុល្លារ, និងសំរឹទ្ធិចំនួន៣ពាន់ដុល្លារ និងគ្រូបង្វឹកទាំងពីរនាក់ ក៏ទទួលបានក្នុងម្នាក់ៗ១ម៉ឺនដុល្លារដូចៗ គ្នាផងដែរ៕

ដោយ ហេង ណាលីន