កម្ពុជាទទួលបានឧបករណ៍វិភាគសារធាតុគីមីចំនួន៤គ្រឿងពីអង្គការគយពិភពលោក ដើម្បី ប្រើប្រាស់ក្នុងការវិភាគរកគ្រឿងញៀន និងសារធាតុជាតិផ្ទុះ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — កម្ពុជាទទួលបានឧបករណ៍វិភាគសារធាតុគីមី Handheld Raman Spectrometer ចំនួន៤ គ្រឿងពីអង្គការគយពិភពលោក ដើម្បីប្រើប្រាស់ក្នុងការវិភាគរកសារធាតុផលិតគ្រឿងញៀន គ្រឿងញៀន និងសារធាតុជាតិផ្ទុះផ្សេងទៀត ដែលនឹងចរាចរឆ្លងកាត់ព្រំដែន។ នេះបើតាម ហ្វេសប៊ុករបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ក្នុងពិធីប្រគល់ទទួលឧបករណ៍ Handheld Raman Spectrometers និងពិធីបើកវគ្គបណ្តុះ បណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ទាំងនេះកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាខា គយនិងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា ឧបករណ៍ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងទទួលបាននាពេលនេះ នឹងជួយដល់មន្ត្រីគយក្នុងការបង្ការ និងទប់ស្កាត់ ការធ្វើចរាចរណ៍សារធាតុញៀន និងសារធាតុគីមីខុសច្បាប់ផ្សេងទៀតប្រកបដោយប្រសិទ្ធ ភាពបន្ថែមទៀត។

លោកបានបន្ដថា ឧបករណ៍នេះ ត្រូវបានប្រគល់ជូនក្រោមអនុគម្រោង Global Shield នៃគម្រោង APSP ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់រដ្ឋបាលគយកម្ពុជា ដើម្បីទប់ស្កាត់ការជួញដូរ និងការបង្វែរគោលដៅប្រើប្រាស់ សារធាតុគីមីខុសច្បាប់ ដើម្បី ផលិតគ្រឿងញៀន សារធាតុញៀន និងគ្រឿងផ្ទុះផ្សេងទៀត។ ម្យ៉ាងទៀត វគ្គបណ្តុះបណ្តាល នេះ គឺជាឱកាសល្អសម្រាប់សិក្ខាកាមទាំងអស់ ដើម្បីបានឈ្វេងយល់ និងបង្កើនចំណេះដឹង តាមរយៈការពិភាក្សា ផ្លាស់ប្តូរមតិយោបល់ដោយផ្ទាល់ជាមួយក្រុម ជំនាញការរបស់អង្គការ គយពិភពលោក។ លោកបានសង្កត់ធ្ងន់ថា គ្រឿងញៀនខុសច្បាប់ និងសារធាតុគីមីសម្រាប់ ផលិតគ្រឿងផ្ទុះ ពិតជាបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពជាអន្តរជាតិ ព្រមទាំង គំរាមកំហែងជីវិតមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា ពិធីប្រគល់ទទួលឧបករណ៍ Handheld Raman Spectrometers និងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ឧបករណ៍ទាំងនេះ ដែលជាផ្ដល់ជូនរបស់ អង្គការគយពិភពលោក ដោយមានអញ្ជើញចូលរួមពីលោក នួន ច័ន្ធរិទ្ធ អគ្គនាយករង នៃ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង លោក Andrew REYNOLDS អ្នកជំនាញការគម្រោងសន្តិសុខអាស៊ីប៉ាស៊ីហ្វិក នៃអង្គការគយ ពិភពលោក និងមន្រ្តីគយពាក់ព័ន្ធចំនួន២០រូប មកពីនាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករពាក់ព័ន្ធ៕

ដោយ គង់ សិរីរ័ត្ន