ក្រុមប្រឹក្សារាជធានីភ្នំពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី២

AKP ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ — បទល្មើសព្រហ្មទណ្ឌក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន៩៣លើក គឺបានថយ ចុះ១លើក បើធៀបទៅនឹងខែមុន ក្នុងនោះបទល្មើសឧក្រិដ្ឋកើតមាន៨លើក មានការថយចុះ ៧លើក តែបទល្មើសមជ្ឈិម ៨៥លើក គឺមានការកើនឡើង៦លើក។

នេះបើយោងតាមរបាយការណ៍ប្រចាំខែសីហា របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី២ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្ដម ម៉ប់ សារិន បានថ្លែងថា ការដែលថយចុះ នៃបទល្មើសព្រហ្មទណ្ឌនេះ បង្ហាញឱ្យឃើញថា សមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំ បានយកចិត្តទុកដាក់ ក្នុងការចុះបង្ក្រាបបទល្មើសនានា។ សមត្ថកិច្ចបានធ្វើការបង្ក្រាប ទៅលើបទល្មើសព្រហ្មទណ្ឌ បាន៨៨ករណី ឃាត់ខ្លួនបាន១៣៣នាក់ ក្នុងបទល្មើសឧក្រិដ្ឋ បង្ក្រាបបាន៦ករណី និងឃាត់ខ្លួនជន សង្ស័យបាន១៦នាក់ ចំពោះបទល្មើសមជ្ឈិមបង្ក្រាបបាន ៨២ករណី ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន១១៧នាក់។

ចំពោះបទល្មើសកើតមានឡើងខាងលើនេះ តាមរបាយការណ៍របស់រដ្ឋបាលរាជធានី ភ្នំពេញបានបង្ហាញថា មានករណីបទល្មើសគ្រឿងញៀន១៦២ករណី ឃាត់ខ្លួនជនសង្ស័យ បាន២៦៤នាក់ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងនោះករណីជួញ ដូរគ្រឿងញៀន ៨៣ករណី ឃាត់ខ្លួន១២២នាក់ ករណីប្រើប្រាស់គ្រឿងញៀន ៧៩ករណី ឃាត់ខ្លួនបាន១២នាក់។ បង្រ្កាបក្មេងទំនើងបាន២៩ករណី ឃាត់ខ្លួនបាន៤៣នាក់ ក្នុងនោះ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ មាន២៩នាក់ បានកសាងសំណុំរឿងបញ្ជូនទៅ តុលាការ រាជធានីភ្នំពេញ។

ជាមួយគ្នានោះ ឯកឧត្ដម ម៉ប់ សារិន បានស្នើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ ពិនិត្យ និងពិភាក្សាគ្នាលើរបៀបវារៈនៃកិច្ចប្រជុំថ្ងៃនេះ ឱ្យបានផុលផុស ដើម្បីធ្វើជាផែនការដឹកនាំ និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជាពិសេស ការធ្វើអភិបាលកិច្ច បម្រើផលប្រយោជន៍ប្រជាជន និងសង្គមជាតិ។

ឯកឧត្ដម ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានស្នើឱ្យមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវ បង្កើនសមត្ថភាពតាមរយៈទទួលការបណ្តុះបណ្តាល ដើម្បីធានាបានថា ខ្លួនមានសមត្ថភាព គ្រប់គ្រាន់ក្នុងការដឹកនាំការងារក្នុងមូលដ្ឋាន គ្រប់គ្រងឱ្យបានល្អប្រសើរ ហើយត្រូវដាក់ ចេញនូវផែនការយុទ្ធសាស្រ្តនានាសម្រាប់អនុវត្តន៍បន្ត ក្នុងការស្តារ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឱ្យកាន់តែប្រសើរថែមទៀត៕

ដោយ សួស សំរិត