ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយសំខាន់ៗ ដែលបានដាក់ចេញនៅនីតិកាលទី៦ នៃរដ្ឋសភា

វិទ្យុជាតិកម្ពុជា៖ ដោយ លោកស្រី ផន វាសនា៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមប្រមុខរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា បានបង្ហាញនូវកម្មវិធីនយោបាយពិសេសៗ និងប្ដេជ្ញាអនុវត្តកម្មវិធីនយោបាយទាំងនោះឱ្យបានជោគជ័យ សំដៅបន្តដំណើរការដឹកនាំ ប្រទេសកម្ពុជាឱ្យរីកចម្រើនទៅមុខទៀត។ ការបញ្ជាក់របស់សម្តេច ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមប្រជុំរដ្ឋសភាដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិបាល នៅវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញានេះ។ សម្តេចតេជោ បានប្រកាសធានាអនុវត្តឱ្យបានសម្រេចជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ រួមមាន ធានាការពារនូវសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពភូមិ-ឃុំ សម្រាប់ការរស់នៅរបស់ប្រជាជនប្រកបដោយសុខក្សេមក្សាន្ត ព្រមទាំងការពារឯករាជ្យ និងបូរណភាពទឹកដី មិនឱ្យកម្លាំងណាមករំលោភបំពាន និងបំផ្លាញបានឡើយ។ធានាបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ ដែលផ្ដល់អាទិភាពលើការកែទម្រង់អភិបាលកិច្ច សំដៅពង្រឹងស្ថាប័នសាធារណៈ និងកសាងរដ្ឋបាលស្អាតស្អំ ព្រមទាំងការបង្កើនប្រសិទ្ធភាព និងលើកកម្ពស់គុណភាពសេវាសាធារណៈ និង បន្តផ្ដល់អាទិភាពខ្ពស់ទៅលើការវិនិយោគលើមូលធនមនុស្ស។ ធានាដល់ការជំរុញលើកកម្ពស់ និងកែលម្អជីវភាពរបស់ប្រជាជន តាមរយៈការផ្ដល់ជូន ការអប់រំ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព ព្រមជាមួយនឹងឱកាសទទួលបានការងារធ្វើ។ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយតម្លៃសមរម្យ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានធានានូវសុវត្ថិភាពសង្គម និងលំនឹងក្នុងការរស់នៅរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការអភិវឌ្ឍ និងការពង្រឹងប្រព័ន្ធគាំទ្រសង្គម និងរបបសន្តិសង្គមប្រកបដោយប្រសិទ្ធភាព ចីរភាពផ្ដល់ជូនប្រជាជនគ្រប់រូប ពិសេសជនក្រីក្រ និងក្រុមជនងាយរងគ្រោះពីហានិភ័យនានា។