កម្ពុជាចាប់ផ្តើមទទួលយកកម្មវិធីសិក្សាផ្នែកស្ថាបត្យកម្មនិងវិស្វកម្មតាមស្តង់ដារអាស៊ាន

វិទ្យុជាតិកម្ពុជា៖ ដោយ លោក ហុក សុខរិន៖

បណ្តាសាកលវិទ្យាល័យមួយចំនួននៅកម្ពុជាចាប់ផ្តើមទទួលយកកម្មវិធីសិក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្ម តាមស្តង់ដារអាស៊ាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងពង្រឹង គុណភាពសំណង់។

ថ្លែងក្នុងសន្និសីទសាព័ត៌មានស្តីពីការដាក់អោយដំណើរការកម្មវិធីសិក្សាស្របតាមស្តង់ដារអាស៊ានលោកបណ្ឌិត ស៊ិន សុជាតិ ព្រឹទ្ធបុរសមហាវិទ្យាល័យស្ថាបត្យកម្ម និងរចនា នៃសាកលវិទ្យាល័យវេស្ទើនបានឲ្យដឹងថា កម្មវិធីសិក្សាផ្នែកស្ថាបត្យកម្ម និងវិស្វកម្មតាមស្តង់អាស៊ានគឺផ្តោតសំខាន់ គឺការកំណត់មុខវិជ្ជាសិក្សា ពេលវេលា និងភាសាអង់គ្លេសជាគោលដូចគ្នា។ បន្ថែមពីនេះទៀត គឺការផ្លាស់ប្តូរនិស្សិតនិងសាស្រ្តាចារ្យទៅវិញទៅមកក្នុងប្រទេសណា មួយដើម្បីអាចស្វែងយល់ពីបទពិសោធន៍សិក្សានិងការអនុវត្តជំនាញជាក់ស្តែង។

លោកបណ្ឌិតបន្ថែមថា ការអនុវត្តតាមកម្មវិធីស្តង់ដារអាស៊ាននេះ គឺដើម្បីរុញនិស្សិតកម្ពុជា អោយចូលទៅក្នុងក្របខណ្ឌតំបន់ដើម្បីប្រកួតប្រជែងទីផ្សារការងារ ខណៈដែលវិស័យសំណង់ នៅកំពុងរីកលូតលាស់ខ្លាំង។ បន្ថែមពីនេះទៀតលោកសាស្រ្តាចារ្យបានអៈអាងថា កម្មវិធីនេះ នឹងធ្វើឲ្យនិស្សិតកាន់តែមានសមត្ថភាពនិងជំនាញច្បាស់លាស់ក្នុងការគូរប្លង់រចនាម៉ូតអគារ និងការសាងសង់អគារខ្ពស់កម្រិតចាប់ពីជាង៣០ជាន់ឡើងទៅ។

ផ្អែកតាមសមត្ថភាពរបស់ កម្ពុជាបច្ចុប្បន្នមិនចាញ់ក្រុមបរទេសទំាងនោះឡើយ គឺមានសមត្ថភាពអនុវត្តគម្រោងសាង សង់អគារខ្ពស់ៗរួមទំាងការរចនាម៉ូតអគារដ៏ល្អប្រណិតថែមទៀតផង។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះកម្ពុជាមានអ្នកជំនាញផ្នែកសា្ថបត្យកម្ម និងវិស្វកម្មមានចំនួនជិត១ម៉ឺននាក់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេដោយ ក្នុងមួយឆ្នាំៗកម្ពុជាត្រូវការអ្នកជំនាញ ស្ថាបត្យកម្មឬវិស្វកម្មយ៉ាងតិចចាប់ពីជាង៥ពាន់នាក់ឡើងទៅ ដើម្បីបំពេញទៅនឹង សេចក្តី ត្រូវការសាងសង់សំណង់នានានៅទូទាំងប្រទេសដែលមានសន្ទុះកើនឡើងច្រើន៕