សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់ភាគី និងដៃគូអភិវឌ្ឍ ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស

វិទ្យុជាតិកម្ពុជា៖ អត្ថបទ លោកស្រីផន វាសនា រូបថត លោក ចន ណារិទ្ធ៖

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដៃគូអភិវឌ្ឍ មន្រ្តីគ្រប់ជាន់ថ្នាក់ សូមចូលរួមគាំទ្រ និងអនុវត្ត នូវ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុង ឱកាសអញ្ជើញចូលរួមប្រជុំរដ្ឋសភាដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និង រាជរដ្ឋាភិ បាល នៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី៦ ខែកញ្ញានេះ។ សម្តេចតេជោ ក៏បានសន្យា ចំពោះបងប្អូនជនរួមជាតិ នឹងដឹកនាំស្ថាប័ននីតិប្រតិបត្តិ ដោយធានា អនុវត្តន៍ឲ្យបានជោគជ័យ នូវកម្មវិធីគោលនយបាយរបស់រាជរដ្ឋាភិបាល ដែលជាការសន្យារបស់ គណបក្សប្រជាជនកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅមុនការបោះឆ្នោតកន្លងមក ដែលទើបត្រូវ បានដាក់ជូនរដ្ឋសភានេះ។

សម្តេចតេជោ បញ្ជាក់ថា ជាមួយគ្នានេះ នឹងផ្តោតទៅលើវិធានការ ជាក់ស្តែងជាអាទិភាពចំនួន៤ ដែលត្រូវដាក់ឲ្យអនុវត្តនៅក្នុងឆ្នាំ២០១៩ រួមមាន បន្តបង្កើន ប្រាក់ឈ្នួលពលកម្មរបស់កម្មករ និយោជិក និងរៀបចំបើកប្រាក់ឈ្នួលពលកម្មក្នុងរយៈពេល ២សប្តាហ៍ម្តង បន្តបង្កើនបៀវត្សរ៍ និងប្រាក់សោធនិវត្តន៍ជូនមន្រ្តីរាជការទូទាំងប្រទេស និងរៀបចំបើកប្រាក់បៀវត្សរ៍ក្នុងរយៈពេល ២សប្តាហ៍ម្តង បញ្ចុះថ្លៃអគ្គិសនី និងការដាក់ឲ្យអនុវត្ត នូវកម្មវិធីគាំពារសង្គម ដូចជាការឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារនៃគ្រួសារក្រីក្រ របបហានិ ភ័យការងារសំរាប់មន្រ្តីសាធារណៈ និងរបបសោធនសំរាប់កម្មករ និយោជិក ។ជាមួយនឹង គោលនយោបាយនេះសម្តេចតេជោ បានអំពាវនាវ ដល់គ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ចូលរួមជា មួយរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចំរើន។