អភិបាលខេត្តបាត់ដំបងចុះពិនិត្យស្ថានភាព អនាម័យ បរិស្ថានដងស្ទឹងសង្កែ

AKP បាត់ដំបង ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ –នៅរសៀលថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យស្ថានភាព អនាម័យ បរិស្ថាន ក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង បន្ទាប់ពីទឹកជំនន់ស្ទឹងសង្កែ បានស្រកចុះ ។

ការចុះពិនិត្យនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកអភិបាល ក្រុងបាត់ដំបង លោកនាយករដ្ឋបាលសាលាខេត្ត ព្រមទាំមន្ត្រីរាជការសាលាខេត្ត សាលាក្រុង បានចូលរួមផងដែរ ។ ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ជាមួយអង្គការ OEOO និងអង្គការ COMPED ប្រចាំខេត្តបាត់ដំបង កន្លងមកបានធ្វើការសម្អាត សំរាមថង់ផ្លាស្ទិច ដែលមាននៅក្នុងស្ទឹង និងអណ្តែតជាប់តាមមែកឈើ ក្រោយពីទឹកជំនន់ស្ទឹងសង្កែបានស្រក បានមួយចំនួន ។

ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យចូលរួមសម្អាត អនាម័យបរិស្ថាន ក្នុងការវិចខ្ចប់ ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ជាពិសេសមិនត្រូវបោះសំរាម និងបង្ហូរកាកសំណល់កខ្វក់ចូលក្នុងទឹកស្ទឹងឡើយ

ដោយ ណយ នឿន( ប្រភព រដ្ឋបាលសាលាខេត្ត)