ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រឈមនឹងជំងឺគ្រុនចាញ់ បានទទួលមុងពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

AKP កំពង់ឆ្នាំង ថ្ងៃទី ខែកញ្ញា ឆ្នាំ២០១៨ –លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន​ ១៩៩គ្រួសារ​ ដែលរស់នៅក្នុង​ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ ១០រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨។

លោកជំទាវ ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹករបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ដែលជានិច្ចកាលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត តែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដោយក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមជំនឿចិត្តដល់ប្រជាពលរដ្ឋទូទៅដែល ជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជាជានិច្ច។

ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងលោកជំទាវ បានធ្វើការអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះគ្រោះថ្នាក់​ជាយថា​ហេតុផ្សេងៗ ដោយគ្រោះទឹកជំនន់ និងត្រូវចេះថែទាំសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ពិសេសកុមារ និងចាស់ជរាងាយប្រឈមខ្ពស់ចំពោះសុខភាពនៅពេលទឹកជំនន់នេះ។យកចិត្តទុកដាក់ថែទាំសុខភាពរស់នៅប្រចាំថ្ងៃ បរិភោគទឹកស្អាត សម្រាន្តក្នុមុងជានិច្ច ត្រូវមើលថែទាំចាស់ជរា ជនពិការ និងកូនតូចៗកុំឱ្យលង់ទឺក ។

លោកជំទាវបានមានប្រសាសន៍ថា ទឹកទន្លេមេគង្គនៅមិទាន់ស្រកនៅឡើយដែលកំពងហូរចូលបឹងទន្លេសាប ដូចនេះសូមបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការគ្រោះថ្នាក់ផ្សេងៗ ពិសេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពកុមារ និងចាស់ជរា ជាអ្នកដែលប្រឈមខ្ពស់ចំពោះបញ្ហាសុខភាព ដែលបង្កឡើងដោយជំងឺផ្សេងៗពិសេសត្រូវប្រកាន់ខ្ជាប់នូការរស់នៅស្អាត ការហូបស្អាត បង្កើនការប្រុងយ្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរពិស នៅពេលមានសត្វ ចឹក ខាំ ទិចត្រូវទៅកាន់មណ្ឌលសុខភាពដែលនៅជិតបងប្អូនជាបន្ទាន់ដើម្បីព្យាបាលភ្លាម។

លោកជំទាវ បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មន្ដ្រី ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធត្រូវតែបន្ដយកចិត្ដទុក្ខដាក់ គ្រប់គ្រងស្ថានការណ៍ឱ្យបានគ្រប់ជ្រុងជ្រោយ ពិសេសត្រូវជួយដោះស្រាយចំពោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកឱ្យបានទាន់ពេលវេលា។

លោកជំទាវ បានណែនាំដល់ប្រជាពលរដ្ឋត្រូវសម្រាន្តនៅក្នុងមុងជានិច្ច ដើម្បី ការពារមូសខាំនាំឱ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ដល់ខ្លួន និងកូនចៅ ព្រមទាំងត្រូវប្រុងប្រយ័ត្នចំពោះសត្វពស់ឬសត្វអាសិរ្ពិសផ្សេងៗ នៅពេលទឹកស្រកទៅវិញ សូមជួយសម្អាតបរិស្ថាន បំបាត់ទឹកដក់ សំរាមស្អុយរលួយ ដើម្បីចៀសវាងការកើតជំងឺផ្សេងៗ ត្រូវនាំគ្នាបង្ករបង្កើនផល កសាងសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ក្នុងឱកាសនោះដែរលោកជំទាវនិងក្រុមការងារបានផ្ដល់អំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៩៩គ្រួសារ ក្នុង១គ្រួសារទទួលបានមុងសុវត្ថិភាព១ អាវយឺត១ និងថវិកា២ម៉ឺនរៀល។ ដោយឡែក សម្រាប់លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង ចំនួន៤៩នាក់ ក្នុងម្នាក់ៗទទួលបានបន្ថែមនូវ ផ្នែកបុរសបានខោ១អាវ១ ផ្នែកស្រ្តីបានសំពត់១ អាវ១ ផងដែរ សម្រាប់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរខាងមុខនេះ៕

ដោយបៃ ស៊ីថុន