ជ័យលាភីមេដាយមាសកីឡាអាស៊ី ចុះទៅទស្សនកិច្ចនៅសាកលវិទ្យាល័យ AUPP

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានដឹកនាំម្ចាស់ មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ គឺកីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា បានទៅធ្វើទស្សនកិច្ច នៅ សាកលវិទ្យាល័យ អាម៉េរិកាំងភ្នំពេញ (AUPP) នៅព្រឹកថ្ងៃពុធទី ០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ តាមការស្នើសុំយ៉ាងទទួចរបស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យ AUPP ដែលចង់ជួបម្ចាស់ មេដាយទាំងពីររូបដែលដណ្តើមបានកិត្យានុភាពពីលើឆាកអន្តរជាតិមកជូនជាតិរបស់ខ្លួន។

អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន ដែលដឹកនាំ ម្ចាស់មេដាយមាសទាំងពីររូប ព្រមទាំងមន្ត្រីកីឡារបស់ខ្លួនចុះទៅបង្ហាញពីជីវប្រវត្តិត្រួសៗ របស់ម្ចាស់ជ័យលាភីទាំងពីរនាក់ ក៏ដូចជាបង្ហាញនូវការប្រកួតកីឡាអាស៊ី នៅប្រទេស ឥណ្ឌូណេស៊ី ឆ្នាំ២០១៨ ដែលកម្ពុជាទទួលបានជោគជ័យ ដ៏ធំធេង ដែលឈ្នះមេដាយមាស២ និងសំរឹទ្ធិ១គ្រឿង លើប្រភេទកីឡាចំនួន២ គឺម៉ូតូទឹក និងជឺជីតស៊ូ ក្នុង ចំណោម១៣ ប្រភេទ កីឡាដែលកម្ពុជាបានបញ្ជូនចូលរួម និងបានបញ្ចប់កាលពីពេលថ្មីៗនេះ។

លោក ពុយ គា ទីប្រឹក្សាសាកលវិទ្យាល័យ AUPP គូសបញ្ជាក់ដែរថា នេះគឺជាការបង្ហាញ ជូនដល់ក្រុមនិស្សិតឱ្យបានឈ្វេងយល់ពីភាពលេចធ្លោរបស់ជាតិខ្មែរ លើគ្រប់វិស័យទាំងអស់ ហើយនៅថ្ងៃនេះ AUPP ក៏បានបង្ហាញជូនដល់ពួកគាត់ឱ្យឈ្វេងយល់ពីកីឡា ដូចជាកីឡាករ សាលី អ៊ូមើត និងកីឡាការិនី ខាន់ ចេសា ជាដើមដែលទើបនឹងដណ្តើមបានមេដាយ មាសពីកីឡាហ្គេមទ្វីបអាស៊ី ថ្មីៗនេះ។ ទីប្រឹក្សារូបនេះបញ្ជាក់ទៀតថា រវាងថ្នាក់ដឹកនាំ AUPP និង NOCC ក៏បានពិភាក្សាគ្នាអំពីលទ្ធភាពក្នុងកិច្ចសហការប្រតិបត្តិការរួមគ្នាមួយលើវិស័យ កីឡានានា ជាក់ស្តែងដូចជាកីឡាបាល់ទាត់ ដែល AUPP មានកីឡដ្ឋានផ្ទាល់ខ្លួន ជាច្រើនកន្លែង​តាមស្តង់ដារ របស់ FIFA ប្រារព្ធទិវាកីឡាផ្សេងៗ នៅទីនេះផ្ទាល់។ ទន្ទឹមនេះ ការចាប់ដៃគូលើកិច្ចព្រមព្រៀង MOU ដែលគ្រោង នឹងធ្វើឡើងនាពេលខាងមុខដែលនឹងផ្តល់ ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកលើវិស័យអប់រំ និងកីឡា។

លោក ពុយ គា គូសបញ្ជាក់បន្ថែមថា គោលដៅដ៏ចម្បងរបស់ AUPP ជាមួ NOCC គឺដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកីឡាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺត្រៀមខ្លួនឱ្យ កាន់តែល្អប្រសើរ ក្នុងដំណើរឈានទៅរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕

 

ដោយ ហេង ណាលីន