គ្រូបង្វឹកថ្មី លោក Keisuke Honda សន្យាជួយជម្រើសជាតិកម្ពុជាឱ្យបានល្អ និងរកជ័យជម្នះ ពេលប្រកួតជាមួយម៉ាឡេស៊ី

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០១៨ — គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក Keisuke Honda បានចាប់ផ្តើមបង្វឹកដល់ កីឡាករទាំងអស់ នៅពហុកីឡដ្ឋានជាតិជាថ្ងៃដំបូង កាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ក្នុងការជួយដល់ក្រុមកីឡាករជម្រើសជាតិល្អបំផុត ដើម្បីស្វែងរក ជ័យជម្នះ ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ។

គ្រូបង្វឹក និងជាអ្នកចាត់ការទូទៅវ័យ៣៣ឆ្នាំ ជនជាតិជប៉ុនរូបនេះបានថ្លែងថា លោកពិតជារីក រាយនៅទីនេះ និងសិក្សាឱ្យបានស៊ីជម្រៅពីក្រុមកម្ពុជា ដើម្បីទទួលបានជ័យជម្នះ ពេលជួប ក្រុមជម្រើសជាតិម៉ាឡេស៊ី នាសប្តាហ៍ក្រោយ។ លោកសង្កត់ធ្ងន់ថា រូបលោកបានទទួល ដំបូន្មាន ក៏ដូចជាវិធីសាស្រ្តក្នុងការដឹកនាំពីគ្រូបង្វឹក នៃក្លិប Melbourne Victory ដើម្បី ជាបទពិសោធន៍ និងបង្វឹកក្រុមកម្ពុជាផងដែរ។

លោក​ Keisuke Honda ​ថ្លែង​ទៀតថា លោក​នឹង​​​​ផ្ដល់​បទ​ពិសោធន៍​ទាំង​អស់​ដល់​ក្រុមជម្រើស ជាតិ​កម្ពុជា​ក្នុង​គម្រោង​​នេះ ហើយ​នេះ​ជា​​​លើក​ដំបូង​​នៃ​ការងារ​របស់លោក ប៉ុន្តែលោក សង្ឃឹមថា ​​កីឡាករ​ដែល​មាន​ទេព​កោសល្យ​នៅ​ទី​​​នេះ​ និងរូបលោក​នឹង​ធ្វើឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​​ចំពោះ​ការងារ​នេះ។ ​លោក​ចង់​ឈ្នះ​ការ​ប្រកួត​ជាមួយ ក្រុមម៉ាឡេស៊ី​ ខាង​មុខ ​ទោះ​ជា​លើក​ដំបូង​របស់​​​​នៃ​ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​ក៏​ដោយ។

អតីត​កីឡាករ​ជប៉ុន​រូប​នេះ​​ ​​បានឱ្យដឹងទៀត​ថា​ត្រូវ​តែ​​​​​ស្វែង​​រក​ចំណុច​ខ្លាំង​ និងចំណុច​ខ្សោយ​របស់​កីឡាករ​បន្ថែម​ទៀត​​រហូត​ដល់​ជួប​ម៉ាឡេស៊ី។ អតីត​កីឡាករនៅក្លិបធំៗនៃតំបន់អឺរ៉ុបរូបនេះគូសបញ្ជាក់​ថា​ ​​​​ការ​ហ្វឹកហាត់​រាល់​ថ្ងៃ​ត្រូវ​​​តែ​ធ្វើឱ្យ​ល្អ​ប្រសើរ​ឡើង​លើ​ការងារ​ជា​ក្រុម ហើយ​​អ្វី​ដែល​ចម្បង​នោះ​គឺ​​ផ្លាស់​ប្ដូរ​​ជម្រើស​ជាតិ​​ឲ្យ​ល្អ​ប្រសើរ​ឡើង ហើយ​លោក​ថា​នឹង​ព្យាយាម​ជួស​ជុលនូវ​រាល់​បញ្ហា​​ខ្វះខាត​កន្លង​មក៕

ដោយ ហេង ណាលីន