មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ទៅលើវិស័យសុខាភិបាល

AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ — មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានជំរុញឱ្យមានការវិនិយោគបន្ថែមទៀតទៅលើវិស័យសុខាភិបាលនៅប្រទេសកម្ពុជាដើម្បីចូលរួមលើកកម្ពស់សុខភាពនិងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនកាន់តែមានសុខដុមនីយកម្ម។

ថ្លែងនៅក្នុងពិធីពិព័រណ៍ និងសន្និសីទអន្តរជាតិនៅកម្ពុជាលើកទី៣ ស្តីពីគ្រឿងសម្អាង កែសម្ផស្ស សក់ និងស្ប៉ា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលកោះពេជ្រ ឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការចូលរួមវិនិយោគពីផ្នែកពាក់ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការជួយពង្រឹងប្រព័ន្ធសុខាភិបាលពិសេសផ្នែកឧស្សាហកម្មឱសថនិងបរិក្ខារពេទ្យ។

ឯកឧត្តមសាស្ត្រាចារ្យបានបន្តថា ជាក់ស្តែងការតាំងពិព័រណ៍នេះក៏ជាចំណែកមួយយ៉ាង សំខាន់ផងដែរក្នុងការលើកស្ទួយវិស័យសុខាភិបាលឱ្យកាន់តែរីកចម្រើនថែមទៀតតាមរយៈការបង្ហាញនូវឧបករណ៍វេជ្ជសាស្ត្របច្ចេកទេសទំនើបៗ ផលិតផលឱសថ អាហារបំប៉នសុខភាពនិងគ្រឿងឧបករណ៍បរិក្ខារពេទ្យនិងថ្នាំរក្សាសម្រស់ គ្រឿងសម្អាងផ្សេងៗដែលនាំចូលមកពីបណ្តាប្រទេសជឿនលឿននៅលើពិភពលោក។

ឯកឧត្តមបានបញ្ជាក់ថា តាមរយៈការតាំងពិព័រណ៍នេះក៏ដើម្បីផ្តល់ឱកាសកាន់ តែច្រើនថែមទៀតដល់កិច្ចសហប្រតិបត្តិការអាជីវកម្ម អភិវឌ្ឍន៍ផលិតកម្មកែលម្អ សេវានិងបន្តជួយអភិវឌ្ឍន៍ឧស្សាហកម្មថែទាំសុខភាព។

ឯកឧត្តមបានឱ្យដឹងថា ក្រសួងគាំទ្រការដាក់តាំងពិព័រណ៍នេះព្រោះបាន ជួយបង្កើតឱ្យមានបណ្តាញមុខជំនួយនិងកិច្ចសហការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរីកចម្រើនដើម្បីឱ្យអ្នកជំនាញផ្នែកសុខភាពមានឱកាសប្រើប្រាស់សេវាថែទាំឧបករណ៍ថ្មីៗក្នុងការជួយសង្គ្រោះនឹងថែទាំអ្នកជំងឺឱ្យកាន់តែប្រសើរនិងប្រសិទ្ធភាពខ្ពស់។

លោក លីម សុបញ្ញា តំណាងក្រុមហ៊ុន វីអេសប្រចាំនៅប្រទេសកម្ពុជាដែលជាអ្នករៀប ចំការតាំងពិព័រណ៍បានមានប្រសាសន៍ថាការតាំងពិព័រណ៍ អន្តរជាតិកម្ពុជាលើកទី៣ ស្តីអំពីគ្រឿងសម្អាង ការកែសម្ផស្សនឹងថែរក្សាសម្រស់កម្ពុជានៅឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ដោយមានក្រុមហ៊ុនចូលរួមជាង ៦០មកពី ១៥ ប្រទេសដែលនឹង បង្ហាញផលិតផល ភេសជ្ជៈគ្រឿងសម្អាងនិង ផលិតផលអនាម័យផ្ទាល់ខ្លួនផលិតផល សុខភាពធម្មជាតិអាហារសុខភាព និងភេសជ្ជៈអាហារបំប៉នផលិតផលថែរក្សាវិជ្ជាជីវៈ ឧបករណ៍គ្រោះថ្នាក់និងគ្រឿងសម្ភារគ្រឿងសង្ហារឹមនិងបរិក្ខារមន្ទីរពេទ្យសម្ភារឱសថគ្រឿងសម្អាងឱសថគ្រឿងសម្អាងការព្យាបាល៕

ដោយ គង់ សិរីរ័ត្ន